បណ្តាញសង្គម

ការចាក់សោរនៅប្រទេសឥណ្ឌា បានពន្យាដល់ថ្ងៃទី ៣១ ខែឧសភា

បទបញ្ជាផ្លូវការមួយ ដែលចេញដោយក្រសួងកិច្ចការសន្តិសុខផ្ទៃក្នុង របស់ប្រទេសឥណ្ឌា កាលពីថ្ងៃអាទិត្យ បានពន្យារពេលការចាក់សោរដែលមានស្រាប់នៅក្នុងប្រទេស ដើម្បីទប់ស្កាត់ជំងឺ COVID-19 រហូតដល់ថ្ងៃទី ៣១ ខែឧសភា។

ដំណាក់កាលទីបួននៃការចាក់សោរ នឹងចាប់ផ្តើមពីថ្ងៃច័ន្ទនេះតទៅ។ ថ្ងៃអាទិត្យ គឺជាថ្ងៃចុងក្រោយនៃការចាក់សោរដំណាក់កាលទី ៣ ដែលបានចាប់ផ្តើមតាំងពីថ្ងៃទី ២៥ ខែមីនា និងត្រូវបានពន្យាបជាបន្តបន្ទាប់ពីរដង ក្នុងរយៈពេលពីរខែកន្លងមក។

មានតែសេវាកម្មដឹកជញ្ជូនចាំបាច់ ដូចជារថយន្តសង្គ្រោះបន្ទាន់ និងរថភ្លើងពិសេសប៉ុណ្ណោះ ដែលនឹងត្រូវបានអនុញ្ញាតនៅក្នុងដំណាក់កាលទីបួននៃការចាក់សោរប្រទេស។

រាល់ការធ្វើដំណើរតាមផ្លូវអាកាស ក្នុង និងក្រៅប្រទេសរបស់អ្នកដំណើរ លើកលែងតែតំរូវការផ្នែកវេជ្ជសាស្រ្ត នឹងត្រូវបន្តហាមឃាត់ទូទាំងប្រទេស រហូតដល់ចុងខែឧសភា។

ក្នុងអំឡុងពេលនៃការចាក់សោរបន្ថែមនេះ ចលនារបស់ប្រជាជន នឹងត្រូវហាមឃាត់យ៉ាងតឹងរ៉ឹងនៅចន្លោះម៉ោង ៧យប់ ដល់ម៉ោង ៧ ព្រឹក លើកលែងតែសេវាកម្មចាំបាច់។

មនុស្សដែលមានអាយុលើសពី ៦៥ ឆ្នាំ ស្ត្រីមានផ្ទៃពោះកុមារអាយុក្រោម ១០ ឆ្នាំ ត្រូវស្នាក់នៅក្នុងផ្ទះ លើកលែងតែគោលបំណងសំខាន់ និងសុខភាព នេះបើតាមការផ្សាយរបស់ស៊ិនហួរ-ចិន កាលពីថ្ងៃចន្ទ។