បណ្តាញសង្គម

ចិនដំឡើងពន្ធដល់ជាង៨០ភាគរយ លើផលិតផលគ្រាប់ធញ្ញជាតិម៉្យាង ដែលនាំចូលពីអូស្រ្តាលី

(ប៉េកាំង)៖ កាលពីថ្ងៃចន្ទសប្តាហ៍នេះ រដ្ឋាភិបាលទីក្រុងប៉េកាំង បានប្រកាសពីការដំឡើងពន្ធរហូតដល់ជាង៨០ភាគរយ ទៅលើផលិតផល គ្រាប់ធញ្ញជាតិម៉្យាងហៅថា Barley ដែលនាំចូលពីប្រទេសអូស្រ្តាលី។

នេះបើតាមការដកស្រង់ការផ្សាយ ចេញពីទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១៩ ខែឧសភា ឆ្នាំ២០២០។ ការដំឡើងពន្ធខាងលើនឹងត្រូវចាប់ផ្តើមអនុវត្តពីថ្ងៃអង្គារនេះទៅតែម្តង។

ក្រសួងការពាណិជ្ជកម្មចិន បានបញ្ជាក់ថា ការសម្រេចធ្វើបែបនេះ គឺដោយសារតែអាជ្ញាធរចិន រកឃើញថា ផលិតផលធញ្ញជាតិ Barley ដែលអូស្រ្តាលី នាំចូលមកកាន់ប្រទេសខ្លួន មានតម្លៃទាបខ្លាំងដែលវាបាន ធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរ ដល់ឧស្សាហកម្មក្នុងស្រុករបស់ចិន។

អាជ្ញាធរចិនបានរកឃើញយ៉ាងដូច្នោះ ក្រោយការស៊ើបអង្កេតមួយ ដែលបាន ចាប់ផ្តើមឡើងតាំងតែពីឆ្នាំ២០១៨មកម្ល៉េះ។ ជុំវិញរឿងនេះ រដ្ឋមន្រ្តីពាណិជ្ជកម្មអូស្រ្តាលី លោក Simon Birmingham បាននិយាយថា ទង្វើរបស់ចិនគឺជាទង្វើគួរឲ្យខកចិត្តជាខ្លាំង ហើយ លោកបានប្រាប់ថា រដ្ឋាភិបាលអូស្រ្តាលី នឹងស្វែងរកទីផ្សារថ្មីសម្រាប់នាំចេញគ្រាប់ធញ្ញជាតិ Barley។

បើតាមលោក Birmingham អូស្រ្តាលី ក៏អាចនឹងលើកបញ្ហានេះឡើងទៅកាន់អង្គការពាណិជ្ជកម្មពិភពលោកផងដែរ។

គួរជម្រាបថា អូស្រ្តាលីគឺជាប្រទេសដែលផ្គត់ផ្គង់ Barley មកឲ្យចិនច្រើនជាងគេបង្អស់  គឺមួយឆ្នាំៗការនាំចេញគ្រាប់ធញ្ញជាតិ នេះមានទំហំ ចន្លោះ៩៨០លានដុល្លារអាមេរិក ទៅ១.៣ពាន់លានដុល្លារអាមេរិក ដែលលើសពីពាក់កណ្តាលទៅទៀត នៃទំហំការនាំចេញផលិតផលសរុប របស់ប្រទេសអូស្រ្តាលី៕

ដកស្រង់ពី៖ Fresh News