(ញូដេលី)៖ ប្រទេសឥណ្ឌាហាក់ នៅតែបន្តបង្ហាញសញ្ញាធ្ងន់ធ្ងរ នៃការឆ្លងរាតត្បាតជំងឺ COVID-19 ដដែល ដោយនៅក្នុងរបាយការណ៍ ប្រចាំថ្ងៃសុក្រ ទី២២ ខែឧសភា ឆ្នាំ២០២០នេះ អាជ្ញាធរបានរកឃើញ អ្នកឆ្លងជំងឺនេះច្រើនបំផុត មិនធ្លាប់មានគឺ ៦,០៨៨នាក់ និងអ្នកជំងឺ ១៤៨នាក់ទៀតបាត់បង់ជីវិត នៅក្នុងរយៈពេលតែ ២៤ម៉ោងកន្លងទៅនេះប៉ុណ្ណោះ។
នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ។ បើបូកបន្ថែមតួលេខថ្មីៗខាងលើនេះទៀត ធ្វើឲ្យចំនួនករណីឆ្លង COVID-19 សរុបក្នុងប្រទេសឥណ្ឌាកើនដល់ ១១៨,៤៤៧ករណី ក្នុងនោះអ្នកស្លាប់កើនដល់ ៣,៥៨៣នាក់ និងអ្នកជាសះស្បើយឡើងវិញកើនដល់ ៤៨,៥៣៤នាក់។
គួរបញ្ជាក់ថា ថ្ងៃសុក្រនេះគឺជាថ្ងៃទី ៥៩ហើយ ដែលប្រទេសឥណ្ឌា អនុវត្តវិធានការបិទប្រទេស ដើម្បីប្រយុទ្ធនឹងជំងឺឆ្លង COVID-19 ដោយវាទើបតែត្រូវបានអូសបន្លាយពេលបន្ថែមទៀត កាលពីថ្ងៃអាទិត្យសប្តាហ៍មុននេះ រហូតដល់ ថ្ងៃទី៣១ ខែឧសភា តែម្តង។
ទោះបីជាវិធានបិទប្រទេសនៅបន្តអនុវត្តដដែលមែន ប៉ុន្តែការរឹតត្បិតមួយចំនួន ត្រូវបានដកចេញរួចទៅហើយ ក្នុងនោះមានដូចជារថយន្ត អាចធ្វើដំណើរឆ្លងរដ្ឋបាន និងមធ្យោបាយធ្វើដំណើរ តាមរថភ្លើង មួយចំនួន អាចដំណើរការឡើងវិញ៕
ដកស្រង់ពី៖ Fresh News