បណ្តាញសង្គម

ឧទ្ធម្ភាគចក្រយោធារុស្ស៊ី ធ្លាក់នៅតំបន់ចុងបូព៌ា នាំឲ្យមនុស្សជិះលើនោះទាំងអស់ស្លាប់

(ម៉ូស្គូ)៖ ក្រសួងការពារជាតិរុស្ស៉ីបានឲ្យដឹងថា ឧទ្ធម្ភាគចក្រយោធាមួយគ្រឿងធុន Mi-8 បានធ្លាក់នៅក្បែរក្រុង អាណាឌី (Anadyr) នៃតំបន់ឈូកូតកា (Chukotka) ស្ថិតនៅតំបន់ចុងបូព៌ា ប្រទេសរុស្ស៉ី បណ្តាលឲ្យអ្នកដែលជិះ លើនោះទាំងអស់បាត់បង់ជីវិត។

នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានស៊ីនហួរ នៅរសៀលថ្ងៃអង្គារ ទី២៦ ខែឧសភា ឆ្នាំ២០២០។ ហេតុការណ៍ខាងលើបានកើតឡើង នៅពេលដែលឧទ្ធម្ភាគចក្រនោះ មានដឹកមនុស្សសរុប  ០៤នាក់ កំពុងតែធ្វើការហ្វឹកហ្វឺន ជំនាញហោះហើរ ហើយនៅពេលធ្លាក់មកដល់ដី វាក៏បានឆេះឡើងថែមទៀត។

ព័ត៌មានបឋមបានបង្ហាញថា បញ្ហាបច្ចេកទេសរបស់ឧទ្ធម្ភាគចក្រផ្ទាល់ អាចជាមូលហេតុនៃការធ្លាក់ ខណៈប្រអប់ខ្មៅ កត់ត្រាទិន្នន័យ និងសំឡេងរបស់ឧទ្ធម្ភាគចក្រ ត្រូវបានរកឃើញ។

គួរបញ្ជាក់ថា នេះគឺជាលើកទីពីរហើយ ក្នុងរយៈពេលប្រមាណជាមួយសប្តាហ៍ ដែលឧទ្ធម្ភាគចក្រយោធារុស្ស៉ីធុន Mi-8 បានធ្លាក់។

កាលពីថ្ងៃអង្គារសប្តាហ៍មុន ឧទ្ធម្ភាគចក្រស៊េរីដូចគ្នានេះរបស់កងទ័ពអាកាសរុស្ស៉ី បានធ្លាក់នៅក្បែរក្រុងឃ្លីន (Klin) នៃតំបន់ទីក្រុងម៉ូស្គូ ហើយមនុស្ស ០៣នាក់ ដែលជាលើនោះបាត់បង់ជីវិតទាំងអស់ ហើយមូលហេតុនៃការធ្លាក់ ក៏ត្រូវបានក្រសួងការពារជាតិរុស្ស៉ី ដាក់ការសង្ស័យលើផ្នែកបច្ចេកទេសដែរ៕

ដកស្រង់ពី៖ Fresh News