បណ្តាញសង្គម

ឥណ្ឌាកាន់តែធ្ងន់ធ្ងរ! អាជ្ញាធររកឃើញអ្នកឆ្លង COVID-19 ច្រើនបំផុតមិនធ្លាប់មានរហូតដល់​៨,៣៩២នាក់ក្នុង១ថ្ងៃ

(ញូដេលី)៖ ក្រសួងសុខាភិបាលសហព័ន្ធឥណ្ ឌាបានប្រកាសនៅថ្ងៃចន្ទ ទី០១ ខែមិថុនា ឆ្នាំ២០២០នេះថា អ្នកជំងឺ COVID-19 រហូតដល់ទៅ ៨,៣៩២នាក់ទៀតត្រូវបានរកឃើញ នៅក្នុងពេលតែមួយថ្ងៃប៉ុណ្ណោះ ដែលជាចំនួនច្រើនបំផុតមិនធ្លាប់ជួបប្រទះនោះឡើយ នាំឲ្យចំនួនករណីឆ្លងសរុបកើនដល់ ១៩០,៥៣៥ករណី។

នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ។ នៅក្នុងពេលដូចគ្នា អ្នកជំងឺសរុបរហូតដល់ ២៣០នាក់ទៀតបានបាត់បង់ជីវិត ធ្វើឲ្យចំនួនអ្នកបាត់បង់ជីវិតសរុបនៅឥណ្ឌាដោយសារ COVID-19 កើនឡើងដល់ ៥,៣៩៤នាក់។

ដោយឡែកនៅក្នុងរបាយការណ៍សម្រាប់ថ្ងៃចន្ទនេះ ចំនួនអ្នកជាសះស្បើយឡើងវិញ ក៏បានកើនឡើងរហូតដល់ ៩១,៨១៩នាក់ផងដែរ ខណៈអ្នកជំងឺ ៩៣,៣២២នាក់កំពុងបន្តសម្រាកព្យាបាល។

គួរបញ្ជាក់ថា ឥណ្ឌាបានសម្រេចបន្តបិទប្រទេសរហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ ដើម្បីឆ្លើយតបទៅនឹង ការឆ្លងរាតត្បាតដ៏អាក្រក់នៃជំងឺ COVID-19។

ទោះជាបែបនេះក្តី ការរឹតបន្តឹងមួយចំនួនក្នុងប្រទេស ក៏ត្រូវបានដកចេញផងដែរ ដើម្បីឈានទៅរក ការបើកប្រទេសឡើងវិញ៕

ដកស្រង់ពី៖ Fresh News