បណ្តាញសង្គម

កាណាដាចេញមុខជំទាស់ក្រោយលឺថាលោក ដូណាល់ ត្រាំ ចង់អញ្ជើញលោក ពូទីន ចូលរួមកិច្ចប្រជុំ G7 នៅលើទឹកដីអាមេរិក

(កាណាដា)៖ នាយករដ្ឋមន្ត្រីកាណាដាលោក ចាស្ទីន ទ្រូដូ (Justin Trudeau) បាននិយាយថាទីក្រុង អូតតាវ៉ា ជំទាស់ជាដាច់ខាតចំពោះសំណើរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដែលចង់ឱ្យរុស្ស៊ីត្រឡប់មកកាន់ G7 សាជាថ្មី ដោយសារតែទីក្រុងម៉ូស្គូ នៅតែបន្តបំពាន និងមិនគោរពច្បាប់អន្តរជាតិ។

នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Sputnik នៅថ្ងៃអង្គារ ទី០២ ខែមិថុនា ឆ្នាំ២០២០។

នៅក្នុងអ្នកសារព័ត៌មាន នៅថ្ងៃចន្ទសប្ដាហ៍នេះ លោក Justin Trudeau បានគូសបញ្ជាក់យ៉ាងដូច្នេះថា «រុស្ស៊ីត្រូវបានដកចេញពី G7 បន្ទាប់ពីបានច្បាមយកតំបន់គ្រីមៀ ពីអ៊ុយក្រែន កាលពីប៉ុន្មានឆ្នាំមុន...  ពួកគេ នៅតែបន្តបំពាន និងមិនគោរពតាមបទដ្ឋាន និងច្បាប់អន្តរជាតិ នៅឡើយ ដែលនេះជាហេតុផល រុស្ស៊ីមិនអាចត្រឡប់មកកាន់ G7 វិញបាន ហើយពួកគេនឹងបន្តស្ថិតនៅខាងក្រៅ G7 តទៅទៀត»។

យ៉ាងណាក៏ដោយ នៅពេលត្រូវបានអ្នកសារព័ត៌មានសួរថា តើលោកនឹងចូលរួមក្នុងកិច្ចប្រជុំកំពូល G7 ដែរឬទេ បើសិនជាប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន ត្រូវបានអញ្ជើញឱ្យចូលរួមដែរ លោកនាយករដ្ឋមន្ត្រីកាណាដា មិនបានផ្ដល់ចម្លើយជាក់លាក់ឡើយដោយគ្រាន់តែនិយាយថា កិច្ចពិភាក្សាជាច្រើនចាំបាច់ ត្រូវធ្វើឡើងមុននឹងកិច្ចប្រជុំ អាចប្រព្រឹត្តទៅ។

គួរជម្រាបថា កាលពីសប្ដាហ៍មុនប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសថា លោកនឹងលើកពេលកិច្ចប្រជុំកំពូល G7 ដែលគ្រោងនឹងធ្វើឡើងនៅ រដ្ឋធានីវ៉ាស៊ីនតោន នៅចុងខែមិថុនានេះរហូតដល់ខែកញ្ញា ហើយលោកក៏បានអះអាងផងដែរថា  នឹងអញ្ជើញមេដឹកនាំ មកពីប្រទេសមិនមែនជាសមាជិកដូចជា កូរ៉េខាងត្បូង អូស្រ្តាលី ឥណ្ឌា និងរុស្ស៊ីចូលរួមក្នុងកិច្ចប្រជុំកំពូល G7 ផងដែរ៕

ដកស្រង់ពី៖ Fresh News