បណ្តាញសង្គម

ទីក្រុងហុងកុងកំពុងភ័យខ្លាចផ្ទុះការឆ្លង COVID-19 នៅក្នុងសហគមន៍ ក្រោយកើតមានករណីឆ្លងជាចង្កោម

  (ហុងកុង)៖ ការរកឃើញករណីឆ្លងជាចង្កោមចំនួន ០៩នាក់ថ្មីនៃ COVID-19 នៅហុងកុង បានបង្កឲ្យមានក្តីបារម្ភថា ការឆ្លងក្នុងសហគមន៍អាចបានកើតឡើងនៅក្នុងទីក្រុងនេះ បន្ទាប់ពីហុងកុងត្រូវគេកោតសរសើរពីភាពជោគជ័យ ក្នុងការគ្រប់គ្រងការរាតត្បាតនៃជំងឺ COVID-19។

នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅរសៀលថ្ងៃអង្គារ ទី០២ ខែមិថុនា ឆ្នាំ២០២០។ ០២ករណីដំបូងនៅក្នុងចង្កោមថ្មីនោះ គឺជាប្តីប្រពន្ធមួយគូ ដែលត្រូវបានរកឃើញកាលពីថ្ងៃអាទិត្យកន្លងទៅ។

បន្ទាប់មកទៀតគឺអ្នកជិតខាង ០៤នាក់ទៀតរបស់ពួកគេ រួមជាមួយអ្នករួមការងារ ០២នាក់ជាមួយស្រ្តីជាប្រពន្ធ និងពេទ្យម្នាក់របស់ទីភ្នាក់ងារពន្លត់អគ្គិភ័យ ដែលបានបញ្ជូនស្រ្តីម្នាក់នោះ ទៅកាន់មន្ទីរពេទ្យ  ក៏ត្រូវបានរកឃើញថា បានឆ្លងជំងឺនេះដែរ ដោយពុំមានប្រវត្តិធ្វើដំណើរ ត្រឡប់មកពីខាងប្រទេសក្រៅថ្មីៗនេះឡើយ។

នៅថ្ងៃអង្គារនេះអភិបាលក្រុងហុងកុង លោកស្រី ខារី ឡាំ (Carrie Lam) បង្ហាញក្តីបារម្ភជាខ្លាំង ជុំវិញចង្កោមអ្នកឆ្លងជំងឺទាំង ០៩នាក់នេះ។ក្នុងថ្ងៃដដែលនេះ រដ្ឋបាលហុងកុងត្រូវគេរំពឹងថា  នឹងបន្តរក្សាទុកនូវបំរាម ហាមឃាត់មិនឲ្យមានការជួបជុំគ្នាលើសពី ០៨នាក់ ខណៈវាត្រូវផុតកំណត់ នៅថ្ងៃព្រហស្បតិ៍ សប្តាហ៍នេះ។

គួរជម្រាបថា គិតត្រឹមថ្ងៃចន្ទម្សិលមិញ ហុងកុងបានរកឃើញករណីឆ្លង COVID-19 សរុប ១,០៨៨ករណី ក្នុងនោះស្លាប់ ០៤នាក់ និងជាសះស្បើយវិញ ១,០៣៧នាក់ ហើយភាគច្រើនបំផុតគឺជាករណីនាំចូល៕

ដកស្រង់ពី៖ Fresh News