បណ្តាញសង្គម

ករណីផ្ទុះនៅទីក្រុងកាប៊ុល

អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានបញ្ជាក់ថា មានមនុស្សម្នាក់ ត្រូវបានសម្លាប់និងបីនាក់ផ្សេងទៀត រងរបួសនៅក្នុងការផ្ទុះគ្រាប់បែកមួយនៅកណ្តាលទីក្រុងកាប៊ុល-រដ្ឋធានីអាហ្វហ្គានីស្ថាន កាលពីថ្ងៃអង្គារ។

ករណីផ្ទុះនេះ បង្កដោយជនបំផ្ទុះគ្រាប់បែកអត្តឃាតម្នាក់ ដោយសារក្រុមកម្ចាត់គ្រាប់បែក បានរកឃើញ និងដោះសម្ភារៈផ្ទុះនៅនឹងកន្លែង បន្ទាប់ពីមានហេតុការណ៍កើតឡើង។

មន្រ្តីអ្នកនាំពាក្យដដែល បានប្រាប់កាសែតស៊ិនហួរ-ចិនថា ការផ្ទុះនោះ បានកើតឡើងនៅម៉ោងជិត៧កន្លះយប់ ម៉ោងក្នុងស្រុក ក្នុងទីធ្លារបស់វិហារអ៊ីស្លាម Wazir Akbar Khan និងធ្វើឱ្យខូចខាតតួសំយ៉ាប២ និងអគារសំខាន់មួយនៃវិហារ ដែលជាកន្លែងដែលស្ថិតនៅផ្នែកចង្កោមនៃស្ថានទូតបរទេសនានា។

រហូតមកដល់ពេលនេះ មិនទាន់មានក្រុមណាមួយ ចេញមុខអះអាងទទួលខុសត្រូវ ចំពោះការវាយប្រហារនេះទេ។ ការបំផ្ទុះនេះ គឺជាការវាយប្រហារចុងក្រោយបំផុត នៅក្នុងទីក្រុង ក្នុងរយៈពេលមួយខែកន្លងមកនេះ។