បណ្តាញសង្គម

ឥណ្ឌារកឃើញអ្នកឆ្លង COVID-19 ជិត១ម៉ឺននាក់ក្នុងមួយថ្ងៃ ដែលជាអត្រាឆ្លងខ្ពស់បំផុតមិនធ្លាប់មាន!

(ញូដេលី)៖ អាជ្ញាធរសុខាភិបាលឥណ្ឌា នៅថ្ងៃសុក្រនេះ បានរាយការណ៍ឲ្យដឹងថា ក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ ប្រទេសឥណ្ឌាបានរកឃើញករណីឆ្លងថ្មីៗនៃជំងឺ COVID-19 រហូតទៅដល់ ៩,៨៥១ករណី និងករណីស្លាប់ ២៧៣នាក់បន្ថែមទៀត ដែលជាសុទ្ធតែជាតួលេខខ្ពស់បំផុតពុំធ្លាប់មាន។

នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នារសៀលថ្ងៃសុក្រ ទី០៥ ខែមិថុនា ឆ្នាំ២០២០។ បើបូកបន្ថែមលើតួលេខខាងលើ វាធ្វើឲ្យចំនួនករណីឆ្លងសរុបនៅទូទាំងប្រទេសឥណ្ឌាកើនដល់ ២២៦,៧៧៩ករណី ដោយក្នុងនោះអ្នកជំងឺ ៦,៣៤៨នាក់បានស្លាប់ និង ១០៩,៤៦២នាក់ទៀតបានជាសះស្បើយឡើងវិញ។

ប្រការនេះវាបានធ្វើឲ្យតួលេខនៃអ្នកជំងឺសកម្ម ឬអ្នកជំងឺដែលកំពុងតែសម្រាកព្យាបាល នៅក្នុងមន្ទីរពេទ្យ នាពេលបច្ចុប្បន្ន មានចំនួន ១១០,៩៦០នាក់។

គួរជម្រាបថា នៅចំពោះវិបត្តិសកលមួយនេះ នាយករដ្ឋមន្ត្រីឥណ្ឌាលោក ណារិនដ្រា ម៉ូឌី បានប្រកាសដាក់ចេញវិធានការ បិទទ្វារប្រទេសខាងលើនេះ តាំងពីថ្ងៃទី២៥ ខែមីនាមកម្ល៉េះ ដើម្បីទប់ទល់ការឆ្លងរាលដាល នៃជំងឺ COVID-19។

ប៉ុន្តែស្ថានការណ៍ COVID-19 នៅក្នុងប្រទេស ដែលមានចំនួនប្រជាជនច្រើនជាងគេបំផុតលំដាប់ទី ២ លើលោកមួយនេះ ហាក់មិនទាន់ធូរស្រាយនៅឡើយទេ និងកាន់តែកើនឡើងថែមទៀត៕

ដកស្រង់ពី៖ Fresh News