បណ្តាញសង្គម

ក្រុមហ៊ុនជប៉ុន Fujifilm ពន្យារពេលធ្វើតេស្ត​ថ្នាំព្យាបាលជំងឺ COVID-19 រហូតដល់ខែកក្កដា​ដោយសារខ្វះខាតអ្នកស្ម័គ្រចិត្ត

  (តូក្យូ)៖ ក្រុមហ៊ុនជប៉ុនហ្វ៊ូជីហ្វីម (Fujifilm) បានឱ្យដឹងថា ការសិក្សាស្រាវជ្រាវរបស់ខ្លួនលើថ្នាំ អាវីហ្គែន (Avigan ឬ Favipiravir) ជាថ្នាំដែលត្រូវបានគេជឿជាក់ថាមានសក្តានុពលសម្រាប់ ការព្យាបាល COVID-19 អាចនឹងត្រូវអូសបន្លាយពេលរហូតដល់ខែកក្កដាខាងមុខ ហើយនេះនឹងបង្កជាឧបសគ្គថ្មីមួយ ដល់ការពន្លឿនផលិត វ៉ាក់សាំង របស់ក្រុមហ៊ុនជប៉ុនមួយនេះ។

នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅរសៀលថ្ងៃចន្ទ ទី០៨ ខែមិថុនា ឆ្នាំ២០២០។ អ្នកនាំពាក្យក្រុមហ៊ុន Fujifilm ធ្វើការអះអាងបែបនេះ ជាការឆ្លើយតបទៅនឹងសេចក្ដីរាយការណ៍មួយរបស់សារព័ត៌មាន Nikkei ដែលបានចុះផ្សាយថា ការសិក្សាស្រាវជ្រាវ និងការធ្វើតេស្ដលើថ្នាំ Avigan ដោយក្រុមហ៊ុន នឹងត្រូវពន្យាររហូតដល់ខែកក្កដា ឬយូរជាងនេះ ដោយសារតែការខ្វះអ្នកជំងឺស្ម័គ្រចិត្តសម្រាប់ការធ្វើតេស្ដ។

អ្នកនាំពាក្យ រូបនេះបានឱ្យដឹងយ៉ាងខ្លីដូច្នេះថា «វាអាចទៅរួចថាការធ្វើតេស្ដ លើមនុស្ស អាចនឹងត្រូវអូសបន្លាយ ពេលរហូតដល់ខែកក្កដា»។ អ្នកនាំពាក្យខាងលើនេះដដែលក៏បានបញ្ជាក់ដែរថា ក្រុមហ៊ុន Fujifilm មិនទាន់ចេញផ្សាយព័ត៌មានលម្អិតពីការធ្វើតេស្ដរបស់ខ្លួនជាផ្លូវការនៅឡើយទេ ប៉ុន្តែខាងក្រុមហ៊ុនកំពុង ពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀត ដើម្បីអាចបញ្ចប់ការធ្វើតេស្ដ ទាំងស្រុងឱ្យបានកាន់តែឆាប់តាមដែលអាច ធ្វើទៅបាន។

គួរជម្រាបថា បើតាមសារព័ត៌មានជប៉ុន Nikkei បន្ទាប់ពីទទួលបានការយល់ព្រមពីរដ្ឋាភិបាលនាយករដ្ឋមន្ត្រីជប៉ុនលោក អាបេ លើការធ្វើតេស្ដថ្នាំ Avigan កាលពីចុងខែឧសភាកន្លងទៅ ដំបូងឡើយគោលដៅ នៃការបញ្ចប់ ការធ្វើតេស្ដទាំងស្រុង គឺនៅក្នុងខែមិថុនានេះ។

ប៉ុន្តែក្រុមអ្នកស្រាវជ្រាវ អាចធ្វើតេស្ដបានតែ ៧០ភាគរយប៉ុណ្ណោះ នៃអ្នកជំងឺដែលបានស្ម័គ្រចិត្ត ហើយដោយសារតែលទ្ធផលធ្វើតេស្ដត្រូវការពេល ២៨ថ្ងៃ ទើបធ្វើឱ្យនីតិវិធសិក្សាស្រាវជ្រាវ និងការធ្វើតេស្ ដលើថ្នាំនេះ ត្រូវបានអូសបន្លាយពេលយ៉ាងហោចរហូតដល់ខែកក្កដា៕

ដកស្រង់ពី៖ Fresh News