បណ្តាញសង្គម

ទីក្រុងញូយ៉កចាប់ផ្តើមបើកដំណើរការឡើងវិញ ក្រោយការបិទទ្វារដើម្បីប្រយុទ្ធនឹង COVID-19

(ញូយ៉ក)៖ ប្រជាជននៅក្នុងទីក្រុងញូយ៉ក បានចាប់ផ្ដើមត្រឡប់ទៅធ្វើការជាបណ្ដើរៗវិញហើយ នៅថ្ងៃចន្ទសប្ដាហ៍នេះ (ម៉ោងនៅទីក្រុងញូយ៉ក) ដែលជាថ្ងៃដំបូងនៃការបើកទីក្រុងឡើងវិញ បន្ទាប់ពីបានបិទទ្វារអស់រយៈពេលរាប់ខែ ដើម្បីទប់ស្កាត់ការឆ្លងរាតត្បាត COVID-19 ។

នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន CNA នៅរសៀលថ្ងៃអង្គារ ទី០៩ ខែមិថុនា ឆ្នាំ២០២០។ កម្មករ និងបុគ្គលិកប្រមាណ ៤០០,០០០នាក់ បានត្រឡប់ទៅកន្លែងធ្វើការរៀងៗខ្លួន តាមរយៈមធ្យោបាយធ្វើដំណើរ ក្នុងនោះរួមមានរថភ្លើងក្រោមដី និងរថយន្ដក្រុង ខណៈទីក្រុងញូយ៉កកំពុងចាប់ផ្ដើមតំណាក់កាលទី ១ នៃការបើកសកម្មភាពសេដ្ឋកិច្ចឡើងវិញ។

តែទោះជាយ៉ាងនេះក្ដី អភិបាលទីក្រុងញូយ៉ក លោក បៀល ដឺ ប្លាស៊ីយ៉ូ (Bill de Blasio) នៅតែព្រមានឱ្យប្រជាជនបន្តរក្សាការប្រុងប្រយ័ត្នខ្ពស់ ហើយលោកក៏បានទទូចផងដែរ ឱ្យប្រជាជនពាក់ម៉ាស និងអនុវត្តវិធានការ គម្លាតសុវត្ថិភាព ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លង COVID-19។

គួរជម្រាបថា ញូយ៉កគឺជាទីក្រុងរងគ្រោះធ្ងន់ធ្ងរជាងគេដោយសារ COVID-19 ដែលបានផ្ដាច់ជីវិត ប្រជាជនក្នុងទីក្រុង មួយនេះជិត ២២,០០០នាក់។

ប៉ុន្តែដោយមើលឃើញពីស្ថានភាពធូរស្រាល ជាពិសេសក្រោយករណីឆ្លងបានបន្តធ្លាក់ចុះ ទើបអាជ្ញាធរអាមេរិក សម្រេចចិត្តបើកទីក្រុងញូយ៉កឡើងវិញ ជាមួយការប្រយ័ត្នប្រយែងខ្ពស់បំផុត។ គិតត្រឹមថ្ងៃអង្គារនេះ សហរដ្ឋអាមេរិកមានករណីឆ្លង COVID-19 សរុប ២,០២៦,៤៩៣ករណី ក្នុងនោះស្លាប់ ១១៣,០៥៥នាក់ និងជាសះស្បើឡើងវិញ ៧៧៣,៤៨០នាក់៕

ដកស្រង់ពី៖ Fresh News