បណ្តាញសង្គម

ថៃនឹងដកបំរាមគោចរពេលយប់ចេញ​ជាការសាកល្បង ខណៈច្បាប់ក្នុងគ្រាអាសន្ន​នៅតែបន្តឲ្យអនុវត្ត

  (បាងកក)៖ មជ្ឈមណ្ឌលថៃសម្រាប់ការគ្រប់គ្រងស្ថានការណ៍ COVID-19 (CCSA) នៅថ្ងៃពុធនេះបានឱ្យដឹងថា រដ្ឋាភិបាលទីក្រុងបាងកក នឹងដកចេញបំរាមគោចរពេលយប់ ក្នុងរយៈពេល ១៥ថ្ងៃជាការសាកល្បង  ខណៈវិធានការដាក់ប្រទេស ក្នុងគ្រាអាសន្ន នឹងនៅតែបន្តមានសុពលភាព  ដើម្បីធានាឱ្យបានលើការគ្រប់គ្រង ការឆ្លងរាតត្បាត COVID-19។

នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅរសៀលថ្ងៃពុធ ទី១០ ខែមិថុនា ឆ្នាំ២០២០។ អ្នកនាំពាក្យ CCSA លោក ថាវីស៊ីន វីសានុយោធិន (Taweesin Visanuyothin) បានបញ្ជាក់ទៀតថា រយៈពេល ១៥ថ្ងៃនៃការសាកល្បង គឺពិតជាមានសារៈសំខាន់បំផុត ក្នុងការកំណត់អនាគត់របស់ប្រទេសថៃ ក្នុងការដោះស្រាយវិបត្តិ COVID-19 និងដើម្បីដឹងថា តើត្រូវស្ដារសេដ្ឋកិច្ចជាតិឡើងវិញយ៉ាងដូចម្ដេច។

អ្នកនាំពាក្យបានបន្ថែមថា មិនតែប៉ុណ្ណោះការសាកល្បងនេះទៀតសោត នឹងវាយតម្លៃលើអាកប្បកិរិយាប្រជាជនថៃ រួមទាំងប្រតិកម្មរបស់ពួកគេ ហើយក៏ដើម្បីពិសោធន៍ផងដែរថា តើរលកទី ២ នៃ COVID-19 អាចនឹងផ្ទុះឡើង ឬក៏យ៉ាងណាបន្ទាប់ពីរយៈពេល ០២សប្ដាហ៍នោះ។

គួរបញ្ជាក់ថា លោក Taweesin Visanuyothin មិនបានបញ្ជាក់ឱ្យច្បាស់ថា តើការលុបចោលបំរាមគោចរ ពេលយប់ជាការសាកល្បង នឹងត្រូវធ្វើឡើងនៅពេលណានោះទេ ប៉ុន្តែលោកបានអះអាងត្រឹមថា វាទំនងជាអាចនឹងត្រូវ អនុវត្តនៅថ្ងៃសុក្រសប្ដាហ៍នេះក៏ថាបាន។

បំរាមគោចរបច្ចុប្បន្ននៅក្នុងប្រទេសថៃ ត្រូវអនុវត្តពីម៉ោង ១១៖០០នាទីយប់ដល់ ៣៖០០នាទីទាបភ្លឺ ហើយអ្នកល្មើសបំរាមនេះអាចជាប់ពិន័យធ្ងន់ធ្ងរ។ គិតត្រឹមថ្ងៃពុធនេះ ថៃមានករណីឆ្លង COVID-19 សរុប ៣,១២៥ករណី ក្នុងនោះស្លាប់ ៥៨នាក់ និងជាសះស្បើយ ២,៩៨១នាក់៕

ដកស្រង់ពី៖ Fresh News