បណ្តាញសង្គម

រុស្ស៊ីប្រកាសស្វាគមន៍សហរដ្ឋអាមេរិក ដកកងទ័ពចេញពីប្រទេសអាល្លឺម៉ង់!

(ម៉ូស្គូ)៖ ក្រសួងការបរទេសរុស្ស៊ីបានប្រកាសស្វាគមន៍ ចំពោះសេចក្ដីរាយការណ៍  ជុំវិញផែនការដកកងទ័ពអាមេរិក ច្រើនជាងមួយភាគបួន ចេញពីប្រទេសអាល្លឺម៉ង់ ដោយលោក ប្រធានាធិបតី ដូណាល់ ត្រាំ ដោយទីក្រុងម៉ូស្គូចាត់ទុកថា ការធ្វើបែបនេះនឹងជួយបង្កើនសន្តិសុខ នៅទូទាំងតំបន់អឺរ៉ុប។

នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Military Times នៅរសៀលថ្ងៃសុក្រ ទី១២ ខែមិថុនា ឆ្នាំ២០២០។

លោក ដូណាល់ ត្រាំ កាលពីសប្ដាហ៍មុន ត្រូវបានប្រព័ន្ធផ្សព្វផ្សាយរាយការណ៍ថា  មានបំណងកាត់បន្ថយ ចំនួនកងទ័ពអាមេរិក ដែលកំពុងឈរជើងនៅលើទឹកដីអាល្លឺម៉ង់ពី ៣៤,៥០០នាក់ មកនៅត្រឹម ២៥,០០០នាក់នៅខែកញ្ញាខាងមុខ ហើយកងទ័ពទំាងនោះ អាចនឹងត្រូវបញ្ជូន ទៅកាន់ប្រទេសណាមួយ ផ្សេងក្នុងតំបន់អឺរ៉ុប ឬក៏ត្រូវបញ្ជូនត្រឡប់មកកាន់សហរដ្ឋអាមេរិកវិញ។

ប៉ុន្តែមកទល់នឹងពេលនេះ ទីក្រុងវ៉ាស៊ីនតោន និងលោក ដូណាល់ ត្រាំ ផ្ទាល់មិនទាន់ទទួលស្គាល់ផែនការ ដកកងទ័ពនេះជាផ្លូវការនៅឡើយទេ។ យ៉ាងណាក៏ដោយទោះមិនទាន់ក្លាយការពិតក្តី ក៏ក្រសួងការបរទេសរុស្ស៊ី តាមរយៈអ្នកនាំពាក្យលោកស្រី ម៉ារីយ៉ា ហ្សាខារ៉ូវ៉ា (Maria Zakharova) បាននិយាយថា រុស្ស៊ីនឹងស្វាគមន៍ ផែនការដកកងទ័ពអាមេរិក ចេញពីទឹកដីអាល្លឺម៉ង់។

នៅក្នុងសន្និសីទដ៏ខ្លីមួយនាថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ លោកស្រី Maria បានបញ្ជាក់យ៉ាងដូច្នេះថា «យើងនឹងស្វាគមន៍ រាល់ផែនការកាត់បន្ថយវត្តមានកងទ័ពអាមេរិក នៅក្នុងតំបន់អឺរ៉ុប ដ្បិតការសម្រេចចិត្តនេះ នឹងជួយបង្កើនសន្តិសុខនៅក្នុងតំបន់អឺរ៉ុប ក៏ដូចជាកាត់បន្ថយភាពតានតឹង និងការប្រឈមមុខដាក់គ្នាទាំងយោធា ព្រមទាំងនយោបាយក្នុងតំបន់ អឺរ៉ូ-អាត្លង់ទិក (Euro-Atlantic) ទាំងមូល»។

ក្រោយការហៅវត្តមានកងទ័ពអាមេរិក នៅក្នុងប្រទេសអាល្លឺម៉ង់គឺជា «សំណល់ និងស្លាកស្នាមនៃសង្រ្គាមត្រជាក់» លោកស្រី Zakharova ក៏បានព្រមានទុកជាមុនផងដែរ កុំឱ្យសហរដ្ឋអាមេរិកដកកងទ័ព ចេញពីអាល្លឺម៉ង់ ហើយបញ្ជូនទៅកាន់ប្រទេសប៉ូឡូញ ឬប្រទេសអឺរ៉ុបណាមួយដែលមានព្រំដែន ជាមួយរុស្ស៊ី ព្រោះវាអាចនឹងបំផ្លាញ ទំនាក់ទំនងរវាងរុស្ស៊ី និងអង្គការ NATO៕

ដកស្រង់ពី៖ Fresh News