បណ្តាញសង្គម

អត្រាស្លាប់ដោយសារ COVID-19 កើនឡើងវិញនៅសហរដ្ឋអាមេរិក រហូតដល់ជិត ១,០០០នាក់ក្នុងមួយថ្ងៃ ខណៈរដ្ឋជាង ១០ ប្រកាសពីការផ្ទុះករណីឆ្លងឡើងវិញ

  (វ៉ាស៊ីនតោន)៖ ក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ សហរដ្ឋអាមេរិកបានកត់ត្រាករណីអ្នកស្លាប់ ដោយសារ COVID-19 ចំនួន ៩៤១នាក់បន្ថែមទៀត ដែលបណ្តាលឲ្យចំនួនអ្នកស្លាប់សរុប នៅក្នុង ប្រទេសមហាអំណាចមួយនេះកើនដល់ ១១៣,៧៧៤នាក់ហើយ បើគិតត្រឹមយប់ថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ  (ពេលវេលានៅវ៉ាស៊ីនតោន)។

នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានស៊ីនហួរ នាព្រឹកថ្ងៃសុក្រ ទី១២ ខែមិនថុនា ឆ្នាំ២០២០។ បើតាមទិន្នន័យសរុបពីសាកលវិទ្យាល័យអាមេរិក ចន ហប់ឃីន (Johns Hopkins) ជាមួយនិងចំនួនករណីឆ្លង COVID-19 កើនលើស ២,០២២,០០០នាក់ និងករណីស្លាប់ច្រើនជាង ១១៣,០០០នាក់ សហរដ្ឋអាមេរិកគឺជាប្រទេសដែលមានអ្នកឆ្លង និងស្លាប់ជាងគេបំផុតលើពិភពលោក ដដែល (ទិន្នន័យគិតត្រឹម យប់ថ្ងៃព្រហស្បតិ៍ ពេលវេលានៅវ៉ាស៊ីនតោន)។

សហរដ្ឋអាមេរិកនៅតែបន្តរាយការណ៍ករណីឆ្លង COVID-19 ជាមធ្យមប្រមាណ ២០,០០០ករណីជារៀងរាល់ថ្ងៃ។ បើទោះបីជាសន្ទុះករណីឆ្លង និងស្លាប់នៅតែមានអត្រាខ្ពស់ក៏ដោយ ក៏បណ្តារដ្ឋមួយចំនួន តួយ៉ាងដូចជា ទីរដ្ឋញូវយ៉កជាដើម បានចាប់ផ្តើមអនុញ្ញាតឲ្យទីក្រុង និងតំបន់នានារបស់ខ្លួន បើកដំណើរការសម្មភាព មួយចំនួនរបស់ខ្លួនឡើងវិញហើយ។

គួរបញ្ជាក់តាមសារព័ត៌មាន Washington Post ចេញផ្សាយថា ចាប់តាំងពីការផ្ទុះបាតុកម្មទាមទាររកយុត្តិធម៌ឲ្យ ចច ហ្វ្លយដ៍ (George Floyd) នៅដើមខែមិថុនា ករណីឆ្លងជំងឺ COVID-19 ថ្មីៗជាច្រើនត្រូវបានរកឃើញនៅរដ្ឋជាង ១០ នៅទូទាំងរដ្ឋអាមេរិក ក្នុងនោះរួមមានទាំងរដ្ឋតិចសាស់ និងកាលីហ្វ័រញ៉ាផងដែរ។

នៅថ្ងៃពុធសប្តាហ៍នេះ អាជ្ញាធរទីក្រុងវ៉ាស៊ីនតោន និងទីក្រុងធំៗផ្សេងទៀត បានណែនាំ ឲ្យអ្នកដែលបានចូលធ្វើបាតុកម្ម រឿង Floyd មកធ្វើតេស្តរក COVID-19៕

ដកស្រង់ពី៖ Fresh News