បណ្តាញសង្គម

យេម៉ែន ជួបប្រទះកង្វះខាតប្រេងឥន្ធនៈធ្ងន់ធ្ងរ

កង្វះខាតប្រេងឥន្ធនៈយ៉ាងធ្ងន់ធ្ងរ បានកើតឡើងនៅក្នុងរដ្ឋធានីសាណា Sanaa នៃប្រទេសយេម៉ែន ដោយបង្ខំឲ្យរថយន្ត និងម៉ូតូរាប់រយគ្រឿង តម្រង់ជួរគ្នាជាជួរយ៉ាងវែងនៅមុខស្ថានីយ៍ប្រេងសាំងជាច្រើនកន្លែង។ ពលរដ្ឋក្នុងរដ្ឋធានីសាណា បានចំណាយពេលពីរថ្ងៃ ដើម្បីស្វែងរកប្រេងឥន្ធនៈ។

អ្នករត់តាក់ស៊ី មានការព្រួយបារម្ភពីកង្វះខាតប្រេងឥន្ធនៈ ដែលអាចបញ្ឈប់ពួកគេ មិនឱ្យធ្វើការរកស៊ីចិញ្ចឹមជីវិត។ ក្រសួងប្រេងដែលគ្រប់គ្រងដោយក្រុមឧទ្ទាម Houthi នៅ Sanaa បានប្រកាសថា ខ្លួន នឹងធ្វើការរៀបចំដំណើរការចែកចាយប្រេងឥន្ធនៈ នៅតាមស្ថានីយ៍ទៅតាមចំនួនរថយន្ត និងម៉ូតូ។

បន្ទាប់ពីចាក់ប្រេងឥន្ធនៈ អ្នកបើកបរ មិនត្រូវបានអនុញ្ញាតឱ្យទទួលបានប្រេងឥន្ធនៈទេ យ៉ាងហោចណាស់នៅបួនថ្ងៃក្រោយ។

ក្រសួង បានបញ្ជាក់ថា ក្រុមចម្រុះដឹកនាំដោយអារ៉ាប៊ីសាអូឌីត បានបញ្ឈប់កប៉ាល់ដឹកប្រេងជាង ១៥ គ្រឿង ដោយមិនអនុញ្ញាតឱ្យចូលចតកំពង់ផែ Hodeidah បើទោះជាទទួលបានការយល់ព្រមពីអង្គការសហប្រជាជាតិក៏ដោយ នេះបើតាមការផ្សាយរបស់ស៊ិនហួរ-ចិន។