បណ្តាញសង្គម

អ្នកជំនាញជាន់ខ្ពស់អាមេរិក «មានទំនុកចិត្តខ្ពស់លើការអភិវឌ្ឍវ៉ាក់សាំង COVID-19» ខណៈការបិទប្រទេសជាថ្មី នឹងមិនអាចកើតឡើង

(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិកមិនត្រូវការ អនុវត្តវិធានការបិទប្រទេសជាថ្មី ដើម្បីធ្វើឱ្យការឆ្លងរាតត្បាត COVID-19 ស្ថិតនៅក្រោមការគ្រប់គ្រងនោះទេ បើទោះបីជាអត្រាឆ្លងប្រចាំថ្ងៃ នៅតែមានកម្រិតខ្ពស់ក៏ដោយ។

នេះបើតាមសម្តីលោក អាន់ថូនី ហ្វូស៊ី (Anthony Fauci) ដែលត្រូវបានដកស្រង់ និងចេញផ្សាយដោយសារព័ត៌មាន CNA នៅរសៀលថ្ងៃសុក្រ ទី១៩ ខែមិថុនា ឆ្នាំ២០២០។

លោក Anthony Fauci ជាអ្នកជំនាញជំងឺឆ្លងជាន់ខ្ពស់សហរដ្ឋអាមេរិក ធ្វើការកត់សម្គាល់បែបនេះ នៅក្នុងបទសម្ភាសន៍ជាមួយទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ។ នាឱកាសនោះ លោក Fauci បានលើកឡើងយ៉ាងដូច្នេះថា «ខ្ញុំមិនគិតឡើយថា យើងកំពុងនាំគ្នានិយាយពីការត្រឡប់ ទៅរកវិធានការបិទប្រទេសជាថ្មី។

តែខ្ញុំគិតថា យើងកំពុងនាំគ្នានិយាយពីការប្រឹងប្រែង គ្រប់គ្រងតំបន់មួយចំនួននៅក្នុងប្រទេស ដែលកំពុងមានករណីឆ្លងកើនឡើង ហើយខ្ញុំក៏មានសុទិដ្ឋិនិយមដែរថា ពិភពលោកនឹងមានវ៉ាក់សាំង COVID-19 ឆាប់ៗនេះ ដែលនឹងបិទបញ្ចប់ជំងឺរាតត្បាតសកលមួយនេះ»។

គួរបញ្ជាក់ថា បើតាមគេហទំព័រ worldometers គិតត្រឹមថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ សហរដ្ឋអាមេរិកនៅតែប្រទេសមានករណីឆ្លង និងស្លាប់ច្រើនជាងគេលំដាប់ទី ១ នៅលើពិភពលោកដដែល ដោយមានករណីឆ្លងសរុប ២,២៦៣,៦៥១ករណី ក្នុងនោះស្លាប់ ១២០,៦៨៨នាក់ និងជាសះស្បើយឡើងវិញ ៩៣០,៩៩៤នាក់ ខណៈមនុស្សរហូតដល់ទៅ ២៦.៧ លាននាក់រួចទៅហើយបានទទួលការធ្វើតេស្ដរក COVID-19៕

ដកស្រង់ពី៖ Fresh News