បណ្តាញសង្គម

វៀតណាម នឹងធ្វើការផ្លាស់ អ្នកនាំពាក្យ របស់ស្ថានទូតវៀតណាម ប្រចាំកម្ពុជា

ភ្នំពេញ-ហាណូយ៖ ឯកឧត្ដម Pham Quang Vinh អនុរដ្ឋមន្ត្រី ក្រសួងការបរទេស វៀតណាម មានប្រសាសន៍ថា វៀតណាមនឹងធ្វើកំណត់ទូត មកកាន់ ក្រសួងការបរទេស និង សហប្រតិបត្តិការ អន្តរជាតិ កម្ពុជា អំពីការផ្លាស់ប្តូរ អ្នកនាំពាក្យ របស់ ស្ថានទូតវៀតណាម ប្រចាំកម្ពុជា ត្រឡប់ទៅប្រទេសវិញ។

ឯកឧត្ដម កុយ គួង អនុរដ្ឋលេខាធិការ និង ជាអ្នកនាំពាក្យ ក្រសួងការបរ ទេសបានថ្លែងដូច្នេះប្រាប់ អ្នកយកព័ត៌មាន បន្ទាប់ពី ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង រដ្ឋមន្ត្រីក្រសួង ការបរទេស និង សហប្រតិបត្តិការអន្តរជាតិ បានអនុញ្ញាតឱ្យ ឯកឧត្ដម Pham Quang Vinh ចូលជួបសម្ដែងការគួរសម នាល្ងាច ថ្ងៃទី១១ខែកញ្ញា ឆ្នាំ២០១៤ នៅទីស្ដីការក្រសួង ក្នុងខណៈ ដែលឯកឧត្ដម ដឹកនាំ គណៈប្រតិភូមកចូលរួម កិច្ចប្រជុំពិគ្រោះយោបល់ ស្ដីពីកិច្ចសហប្រតិបត្តិការ លើគ្រប់វិស័យ ថ្នាក់អនុរដ្ឋមន្ត្រី ក្រសួង ការបរ ទេស នៃប្រទេសទាំងពីរ។

នៅក្នុងជំនួបនោះ ឯកឧត្ដម ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ក៏បានលើក ឡើងខ្លះៗអំពីប្រវត្តិ ទឹកដីកម្ពុជាក្រោម ហើយ ឯកឧត្ដម ឧបនាយករដ្ឋមន្ត្រី ក៏បាន សម្ដែងនូវការស្វាគមន៍ ចំពោះទស្សនកិច្ច របស់អនុរដ្ឋមន្ត្រីការបរទេស វៀតណាម នៅកម្ពុជា ដើម្បីចូលរួម កិច្ចពិគ្រោះយោបល់ជាប្រចាំថ្នាក់ អនុរដ្ឋមន្ត្រីការបរទេស នៃប្រទេសទាំងពីរ ដោយផ្ដោតលើ ទំនាក់ទំនងកិច្ច សហប្រតិបត្តិការ លើ គ្រប់ វិស័យ រួមទាំងផ្នែកការទូត នយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ និង វិនិយោគ ។ល។ ឱ្យកាន់តែរីកចម្រើន បន្ថែមទៀត ។

កន្លងមកប្រទេសទាំងពីរ បានជំរុញធ្វើយ៉ាងណា ឱ្យទំហំពាណិជ្ជកម្ម រវាងប្រទេសទាំងពីរកើនដល់៥ ០០០ លានដុល្លារ សហរដ្ឋ អាមេរិកនៅឆ្នាំ២០១៥ ហើយភាគីទាំង សង្ឃឹមថានឹងទទួល បានពីព្រោះ ឆ្នាំ២០១៣កន្លង មកទំហំពាណិជ្ជកម្ម ឈានដល់ជាង៣ ៤០០លាន ដុល្លារសហរដ្ឋអាមេរិក ហើយក្នុងរយៈពេល៦ខែ ឆ្នាំ២០១៤កន្លងមកនេះទំហំ ពាណិជ្ជកម្មរវាង ប្រទេសទាំងពីរ មានជិត២ ០០០លានដុល្លារអាម៉េរិក ដែលឆ្នាំ ២០១៤អាចមានដល់ជិត៤ ០០០លានដុល្លារ សហរដ្ឋអាមេរិក ដូច្នេះសង្ឃឹមថា ឆ្នាំ២០១៥ អាច សម្រេចបាន ។ ក្រៅពីនេះភាគីទាំងពីរ ក៏បានជំរុញផងដែរ លើ វិស័យទេសចរណ៍ វិនិយោគឱ្យកាន់ តែរីកចម្រើនបន្ថែមទៀតផងដែរ។

នៅក្នុងការពិគ្រោះយោបល់នេះ ភាគីវៀតណាមក៏បានសន្យាអំពីការ កសាងផ្សារជាប់ ព្រំដែនក្នុងខេត្តត្បូងឃ្មុំ ឱ្យបានឆាប់ និង សាងសង់កំណាត់ផ្លូវ ជាតិលេខ៧៨ ដែលមានប្រវែង ៤៥០គីឡូម៉ែត្រពី ខ្សែបន្ទាត់ព្រំដែន ព្រមទាំងជំ រុញឱ្យគណៈ កម្មការ ព្រំដែនរវាងប្រទេសទាំងពីរ បង្កើនល្បឿនឱ្យ បានឆាប់ចប់នូវ ការបោះបង្គោលព្រំដែន ដែលមកដល់បច្ចុប្បន្ន សម្រេចបាន៧៦% ដើម្បីប្រែ ក្លាយតំបន់ព្រំដែន ឱ្យក្លាយជាព្រំដែនសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និង ការអភិវឌ្ឍ ។

នៅក្នុងជំនួបនោះដែរ ភាគីទាំងពីរ ក៏បានផ្លាស់ប្ដូរ ទស្សនគ្នាអំពីបញ្ហាតំបន់ អនុតំបន់ និង បញ្ហាអន្តរជាតិ ដោយក្នុងនោះបញ្ហាសមុទ្រចិនខាងត្បូង ឯកឧត្ដម អនុរដ្ឋមន្ត្រីការបរទេស វៀតណាម បានបញ្ជាក់អំពីភាពធូរស្រាល នៃការប្រឈមរវាង វៀតណាម និង ចិននាពេលថ្មីៗនេះ ជាពិសេសក្រោយ ពីដំណើរទស្សន កិច្ចរបស់បេសកជនពិសេស វៀតណាមទៅកាន់ ប្រទេសចិន នាពេលថ្មីៗនេះ គឺ បានសម្រេចនូវ ការព្រមព្រៀង ជាច្រើនចំណុច ដែលធ្វើឱ្យដំណើរទស្សនកិច្ចនេះ ទទួលបានលទ្ធផលល្អ ។

ឯកឧត្ដម ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានសម្ដែងនូវការស្វាគមន៍ និង ការអបអរសាទ ដល់លទ្ធផលដ៏ល្អ រវាងភាគីវៀតណាម និង ចិនអំពីបញ្ហា សមុទ្រចិនខាងត្បូងនេះ ដោយធ្វើការដោះស្រាយ ដោយសន្តិវិធី និង ការយោគ យល់គ្នា៕

ដកស្រង់ពី៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា