បណ្តាញសង្គម

មេដឹកនាំប្រឆាំងប្រទេសម៉ាឡាវី ឈ្នះការបោះឆ្នោតប្រធានាធិបតី

មេដឹកនាំប្រឆាំងប្រទេសម៉ាឡាវី លោក Lazarus Chakwera បានក្លាយជាអ្នកឈ្នះ នៅក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មី កាលពីថ្ងៃអង្គារសប្តាហ៏កន្លង ដោយបានផ្តួលលោកប្រធានាធិបតី Peter Mutharika ។

លោក Chakwera ទទួលបានសំឡេងគាំទ្រ ៥៨ ភាគរយ។ ប្រធានគណៈកម្មាធិការរៀបចំការបោះឆ្នោតនៅប្រទេសម៉ាឡាវី បានធ្វើការប្រកាស កាលពីយប់ថ្ងៃសៅរ៍ បន្ទាប់ពីការត្រួតពិនិត្យយ៉ាងហ្មត់ចត់ និងពេញលេញនូវរាល់សន្លឹកឆ្នោត ដែលបានរាប់ពីមណ្ឌលបោះឆ្នោតទាំង ២៨ សង្កាត់ ដែលមានមណ្ឌលបោះឆ្នោតចំនួន ១៩៣ និងកន្លែងបោះឆ្នោតចំនួន ៥.០០២ ។

លោក Chakwera ទទួលតំណែងជាប្រធានាធិបតីរបស់ប្រទេសម៉ាឡាវីជាមួយលោកអនុប្រធានាធិបតី ដែលមេដឹកនាំចលនាផ្លាស់ប្តូរបង្រួបបង្រួម (UTM) បន្ទាប់ពីការចងសម្ព័ន្ធភាព ដែលមេដឹកនាំទាំងពីរ បានចូលរួមជាមួយគណបក្សនយោបាយចំនួន ៧ ផ្សេងទៀត នេះបើតាមការផ្សាយរបស់ស៊ិនហួរ-ចិន កាលពី ថ្ងៃអាទិត្យ។