បណ្តាញសង្គម

ហុងកុងប្រារព្ធខួបឆ្នាំទី ២៣ នៃការត្រឡប់មកស្ថិតក្រោមអាណាព្យាបាលចិនវិញ ក្នុងនាមជាទីក្រុងស្វយ័ត

  (ហុងកុង)៖ នៅថ្ងៃពុធនេះ ទីក្រុងហុងកុងបានប្រារព្ធពិធីគម្រប់ខួប ២៣ឆ្នាំ នៃការប្រគល់អតីត ដែនដីអាណានិគម អង់គ្លេសមួយនេះ ទៅឲ្យចិនគ្រប់គ្រងវិញ ក្រោមវិធានការសន្ដិសុខដ៏តឹងរ៉ឹង។

នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានស៊ីនហួរ នារសៀលថ្ងៃពុធ ទី០១ ខែកក្កដា ឆ្នាំ២០២០។ តាមរយៈសុន្ទរកថាបើកបដិសណ្ឋារកិច្ចរបស់ខ្លួន នៅក្នុងពិធីខាងលើនេះ ប្រធានប្រតិបត្តិនៃតំបន់រដ្ឋបាល ពិសេសហុងកុង លោកស្រី ខារី ឡាំ (Carrie Lam) បានសង្កត់ធ្ងន់ពីសារៈសំខាន់  នៃថ្ងៃខួបវិលត្រឡប់ របស់ដែនដីហុងកុង ទៅរួមរស់ជាមួយមាតុភូមិវិញ ដោយលោកស្រីបានហៅថ្ងៃនេះ  ជាថ្ងៃដ៏សំខាន់ សម្រាប់អាយុជីវិតហុងកុង។

ទន្ទឹមនឹងនោះអភិបាលទីក្រុងរូបនេះ ក៏បានរំលឹកដល់ច្បាប់សន្តិសុខថ្មី  ដែលសភាចិន ទើបតែបានអនុម័ត ម្សិលមិញនេះផងដែរ ដោយលោកស្រីបានហៅការអនុម័តច្បាប់នេះថា ជារបត់មួយ ដើម្បីនាំហុងកុង ចេញពីភាពជាប់គាំងនាពេលបច្ចុប្បន្ន និងដើម្បីស្តារស្ថិរភាព និងសណ្តាប់ធ្នាប់ឡើងវិញ។

គួរជម្រាបថា កាលពីថ្ងៃអង្គារម្សិលមិញនេះ សភាប្រជាជនចិនបានសម្រេច អនុម័តច្បាប់ថ្មីមួយដ៏ចម្រូងចម្រាស់ ស្តីអំពីសន្តិសុខថ្មីសម្រាប់ដែនដីស្វយ័តហុងកុង។ ចំពោះច្បាប់សន្តិសុខថ្មីនេះ សម្រាប់សហរដ្ឋអាមេរិក និងបណ្តាប្រទេសលោកខាងលិចមួយចំនួន បានចាត់ទុកថាគឺជារំលោភលើសិទ្ធិសេរី និងស្វ័យភាពរបស់ហុងកុង  ប៉ុន្តែចិនវិញចាត់ទុកថា វាជាការបង្ការកុំឲ្យមានបាតុភាព អំពើភេរវកម្ម និងការផ្តាច់ខ្លួន កើតមានឡើង លើទឹកដីរបស់ខ្លួនមួយនេះ៕

ដកស្រង់ពី៖ Fresh News