បណ្តាញសង្គម

ពលរដ្ឋរុស្ស៊ីភាគច្រើនគាំទ្រការកែរដ្ឋធម្មនុញ្ញ ដែលអាចឲ្យលោក ពូទីន «កាន់អំណាចដល់ឆ្នាំ២០៣៦»

  (ម៉ូស្គូ)៖ ប្រជាជនរុស្ស៊ីបានបោះឆ្នោត ក្នុងសំឡេងគាំទ្រភ្លូកទឹកភ្លូកដី លើវិសោធនកម្មរដ្ឋធម្មនុញ្ញ  ដែលអាចនឹងត្រួសត្រាយផ្លូវ ឱ្យលោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន បន្តកាន់អំណាចរហូតដល់ឆ្នាំ២០៣៦។

នេះបើតាមទិន្នន័យពីគណៈកម្មាការរៀបចំការបោះឆ្នោត ដែលត្រូវបានដកស្រង់ដោយទីភ្នាក់ងារព័ត៌មាន Reuters នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០២ ខែកក្កដា ឆ្នាំ២០២០។

តាមគណៈកម្មាការរៀបចំការបោះឆ្នោតរុស្ស៊ី ដោយផ្អែកលើការរាប់សន្លឹកឆ្នោតបាន ៩៨ភាគរយ បានឱ្យដឹងថា លោក វ៉្លាឌីមៀ ពូទីន ដែលជាអតីតទីភ្នាក់ងារចារកម្ម KGB និងបានដឹកនាំប្រទេសរុស្ស៊ី អស់រយៈពេលជាង ២០ឆ្នាំមកនេះក្នុងនាមជាប្រធានាធិបតី និងនាយករដ្ឋមន្ត្រី បានទទួលជោគជ័យងាយយ៉ាងស្រួលនៅក្នុងការបោះឆ្នោត លើវិសោធនកម្មរដ្ឋធម្មនុញ្ញ ជាមួយសំឡេងគាំទ្រ ៧៨ភាគរយ និងជំទាស់ ២១ភាគរយ។

តាមរយៈជោគជ័យនេះ លោក ពូទីន អាចឈរឈ្មោះចូលរួមប្រកួតប្រជែង ក្នុង ការបោះឆ្នោតប្រធានាធិបតី សម្រាប់រយៈពេល ០២អាណត្តិបន្ថែមទៀត (មួយអាណត្តិមានរយៈពេល ០៦ឆ្នាំ) បន្ទាប់ពីអាណត្តិរបស់លោកសព្វថ្ងៃ ដែលនឹងត្រូវផុតកំណត់នៅឆ្នាំ២០២៤។

ម្យ៉ាងវិញទៀត វាក៏មានន័យផងដែរថា លោក ពូទីន ដែលបច្ចុប្បន្នមានអាយុ ៦៧ឆ្នាំ អាចនឹងបន្តកាន់អំណាច ដល់អាយុ ៨៣ឆ្នាំ។ ក្រុមគណបក្សប្រឆាំង បានចោទប្រកាន់ថា  ការបោះឆ្នោត ប្រជាមតិកែ រដ្ឋធម្មនុញ្ញ គឺមានគោលបំណងឱ្យលោក ពូទីន កាន់អំណាចអស់មួយជីវិត ប៉ុន្តែលោក ពូទីន បានបដិសេធ៕

ដកស្រង់ពី៖ Fresh News