បណ្តាញសង្គម

ជនអន្តោប្រវេសន៍ខុសច្បាប់ និងក្រុមជួញដូរមនុស្ស ត្រូវបានចាប់ខ្លួននៅឆ្នេរ Aegean របស់ប្រទេសទួគី

ក្រុមឆ្មាំសមុទ្រ និងប៉ូលីសទួគី កាលពីថ្ងៃអង្គារ បានចាប់ខ្លួនជនអន្តោប្រវេសន៍ខុសច្បាប់សរុបចំនួន ២៧៦ នាក់ និងក្រុមជួញដូរមនុស្ស ៨ នាក់នៅក្នុងនាវាមួយ នៅឯនាយឆ្នេរ Aegean របស់ប្រទេសទួគី។

តាមការប្រកាសលើគេហទំព័ររបស់ឆ្មាំសមុទ្រ ជនអន្តោប្រវេសន៍ទាំងនោះ មានបំណងជ្រៀតចូលអឺរ៉ុប តាមនាវាជំនួញមួយ ហើយក្រុមជួញដូរមនុស្សទាំងអស់នោះ ក៏ត្រូវបានឃុំឃាំងផងដែរ បន្ទាប់ពីប្រតិបត្តិការណ៏ចាប់ខ្លួនរួមគ្នានេះ។

ជនភៀសខ្លួនទាំងនោះ មានការលំបាកក្នុងការដកដង្ហើម នៅពេលឆែកឆេរចាប់ខ្លួន ហើយពួកគេមានសញ្ជាតិផ្សេងគ្នា មកពីប្រទេសបង់ក្លាដែស អ៊ីរ៉ង់ ស៊ីរីអាហ្គានីស្ថាន សូម៉ាលី និងសាធារណរដ្ឋអាហ្វ្រិកកណ្តាល។

ចាប់តាំងពីដើមឆ្នាំនេះ ជនចំណាកស្រុកសរុប ១១.៨៥៦ នាក់ បានព្យាយាមទៅដល់ប្រទេសក្រិក តាមរយៈសមុទ្ររបស់ទួគី គឺធ្លាក់ចុះពី ១៤.៣៣២ ក្នុងរយៈ-ពេលដូចគ្នាក្នុងឆ្នាំ ២០១៩ នេះបើយោងតាមតួលេខចុងក្រោយដែលបានចេញផ្សាយដោយឆ្មាំសមុទ្រទួគី។

សមុទ្រ Aegean ធ្លាប់ជាផ្លូវសំខាន់សម្រាប់ជនចំណាកស្រុក ដែលព្យាយាមចូលអឺរ៉ុបតាមរយៈប្រទេសទួគី។ កិច្ចព្រមព្រៀងមួយ ត្រូវបានចុះហត្ថលេខារវាងប្រទេសទួគី និងសហភាពអ៊ឺរ៉ុប កាលពីខែមីនាឆ្នាំ ២០១៦ ដើម្បីទប់ស្កាត់លំហូរនៃជនអន្តោប្រវេសន៍ខុសច្បាប់ នេះបើតាមការផ្សាយរបស់ស៊ិនហួរ-ចិន កាលពីថ្ងៃពុធ។