Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ចិនព្រមាន៖ ស្ថានភាពដ៏អាក្រក់បំផុត នៅមិនទាន់មកដល់ឡើយ, កម្ពស់ទឹកទន្លេចំនួន ៤៣៣ខ្សែកើនឡើងខ្ពស់បំផុត

  • បោះពុម្ព

(សៀងហៃ)៖ គ្រោះទឹកជំនន់ បាននិងកំពុងបន្តវាយប្រហារដល់តំបន់ធំៗ នៅភាគកណ្តាលនិងខាងកើតនៃប្រទេសចិនហើយ ខណៈចំនួនមនុស្សស្លាប់ និងបាត់ខ្លួនដោយសារគ្រោះធម្មជាតិនេះ បានកើនលើសពី ១៤០នាក់។

ទោះជាយ៉ាងណាអាជ្ញាធរចិនបានព្រមានថា ស្ថានភាពដ៏អាក្រក់បំផុត នៅមិនទាន់មកដល់នៅឡើយទេ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នារសៀលថ្ងៃចន្ទ ទី១៣ ខែកក្កដា ឆ្នាំ២០២០។ ទឹកជំនន់នៅរដូវក្តៅនៅប្រទេសចិនត្រូវបានគេចាត់ទុកថា ជាគ្រោះមហន្តរាយប្រចាំឆ្នាំ ចាប់តាំងពីសម័យបុរាណមកម្ល៉េះ។

ជាញឹកញាប់ទឹកជំនន់ទាំងនេ បានហូរបុកចូលទៅក្នុងអាងទន្លេយ៉ាងស្សេ (Yangtze) ដែលលាតសន្ធឹងស្ទើរពាសពេញតំបន់ ភាគកណ្តាលនៃប្រទេសចិន។ ចាប់តាំងពីចុងខែមិថុនាកន្លងមក ភ្លៀងបានបន្តធ្លាក់នៅតាមតំបន់ភាគច្រើននៃប្រទេស ដែលបានបណ្តាលឲ្យមនុស្សយ៉ាងហោចណាស់ ១៤១នាក់ស្លាប់ និងបាត់ខ្លួនរហូតមកទល់ពេលនេះ។

មិនតែប៉ុណ្ណោះគ្រោះធម្មជាតិមួយនេះ បានបង្កផលប៉ះពាល់ដល់មនុស្សប្រមាណ ៣៧.៨៩លាននាក់ ខណៈផ្ទះសំបែងចំនួនជាង ២៨,០០០ខ្នងត្រូវបានបំផ្លិចបំផ្លាញ។ ទោះជាបែបនេះក្តី ដង់ស៊ីតេទឹកភ្លៀងដែលបានធ្លាក់ សម្រាប់រយៈពេល ២សប្តាហ៍ចុងក្រោយនេះ គឺមានកម្រិតខ្ពស់លើសពីធម្មតា ដែលជាហេតុធ្វើឲ្យកម្ពស់ទឹកជំនន់កាន់តែអាក្រក់ឡើងៗ។

តាមរយៈសន្និសីទសារព័ត៌មានខ្លីមួយ នាព្រឹកថ្ងៃចន្ទនេះ មន្ត្រីក្រសួងធនធានទឹកចិនបានគូសបញ្ជាក់ថា កម្ពស់ទឹកទន្លេចំនួន ៣៣ បានឈានដល់កម្រិតខ្ពស់បំផុត មិនធ្លាប់មានពីមុនមក ខណៈពេលដែលទន្លេចំនួន ៤៣៣ ត្រូវបានអាជ្ញាធរប្រកាសពីភាពអាសន្ន។

តំបន់ដែលរងគ្រោះធ្ងន់ធ្ងរជាងគេ នៅភាគកណ្តាលនៃប្រទេសចិន រួមមានដូចជាខេត្ត ជាំងស៊ី (Jiangxi), ខេត្ត ហ៊ូប៉ី (Hubei) និងខេត្ត ហ៊ូណាន (Hunan)។ ចំណែកឯ នៅតំបន់ភាគខាងកើត គេឃើញមានដូចជា ខេត្ត Anhui, ខេត្ត Zhejiang, ខេត្ត Jiangsu និងខេត្ត Chongqing។

គួរបញ្ជាក់ថា គ្រោះទឹកជំនន់ក្នុងឆ្នាំ១៩៩៨ ត្រូវបានគេចាត់ទុកថា ជាគ្រោះទឹកជំនន់ដ៏អាក្រក់បំផុតរបស់ចិន ក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ ដែលកាលណោះវាបានឆក់យកជីវិតមនុស្សប្រមាណជាង ៤,០០០នាក់ ហើយភាគច្រើនស្ថិតក្នុងតំបន់ ជុំវិញទន្លេយ៉ាងស្សេ (Yangtze) ដូចគ្នានេះតែម្តង៕

ដកស្រង់ពី៖ Fresh News