លោក ប្រាយុទ្ធ បង្ហើបពីការរុះរើគណៈរដ្ឋមន្ត្រីថៃ ក្រោយមន្ត្រីជាន់ខ្ពស់ទាំង៤រូប «លាលែងពីតំណែង»
- សេចក្ដីលម្អិត
- ជំពូក៖ ព័ត៌មានអន្តរជាតិ
(បាងកក)៖ នាយករដ្ឋមន្ត្រីថៃលោក បា្រយុទ្ធ ចាន់អូចា បានបង្ហើបឱ្យដឹងថា ការរុះរើគណៈរដ្ឋមន្ត្រីអាចនឹងត្រូវធ្វើឡើង នៅខែសីហាខាងមុខនេះ បន្ទាប់ពីរដ្ឋមន្ត្រីហិរញ្ញវត្ថុ លោក អ៊ុតតាម៉ា សាវ៉ាណាយ៉ាណា (Uttama Savanayana) និងមន្ត្រីជាន់ខ្ពស់បីរូបផ្សេងទៀត បានសម្រេចចិត្តដាក់លិខិតសុំលាលែងចេញពីតំណែង ហើយក៏ត្រូវបានចូលជាធរមានភ្លាមៗដែរ កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ។
នេះបើតាមការចេញផ្សាយដោយសារព័ត៌មានថៃ Bangkok Post នៅរសៀលថ្ងៃសុក្រ ទី១៧ ខែកក្កដា ឆ្នាំ២០២០។
លោក Uttama រួមទាំងរដ្ឋមន្ត្រីថាមពល លោក សុនធិរ៉ាត់ សុនធីជីរ៉ាវង់ (Sontirat Sontijirawong), រដ្ឋមន្ត្រីឧត្ដមសិក្សា វិទ្យាសាស្ត្រ និងច្នៃប្រឌិតលោក ស៊ូវីត មែស៊ីនស៊ី (Suvit Maesincee) និងលោក កុបសាក់ ភូត្រាគុល (Kobsak Pootrakul) ជាលេខារងនាយករដ្ឋមន្ត្រី បានដាក់ពាក្យលាលែងចេញពីតំណែង តែមួយថ្ងៃប៉ុណ្ណោះបន្ទាប់ពីលោក សុមឃីដ ចតុស្រ៊ីភីថាកើ (Somkid Jatusripitak) បានលាលែងចេញពីតំណែងជាឧបនាយករដ្ឋមន្ត្រីទទួលបន្ទុកក្រុមការងារសេដ្ឋកិច្ច កាលពីថ្ងៃពុធកន្លងទៅនេះ និងបន្ទាប់ពីពួកគេបោះបង់ចោល សមាជិកភាពនៅក្នុងគណបក្សកាន់អំណាច ផាឡាំង ប្រាកឆារ៉ាត់ (Palang Pracharath Party ឬ PPRP) កាលពីសប្ដាហ៍មុន។
តែយ៉ាងណាក៏ដោយ លោកនាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចាន់អូចា បានអះអាងថា រូបលោកមិនបានស្ថិតនៅក្រោមសម្ពាធអ្វីទាំងអស់ ក្នុងការរុះរើគណៈរដ្ឋមន្ត្រី ដែលអាចនឹងធ្វើឡើងក្នុងពេលឆាប់ៗនេះ។
លោក ប្រាយុទ្ធ បានគូសបញ្ជាក់ដូច្នេះថា «ការរុះរើគណៈរដ្ឋមន្ត្រី អាចនឹងធ្វើឡើងក្នុងពេលឆាប់ៗនេះ តាមដែលអាចធ្វើទៅបាន ពោលគឺវាអាចនឹងកើតឡើងនៅខែក្រោយនេះ...»។
នាយករដ្ឋមន្ត្រីថៃរូបនេះបានបន្ថែមទៀតថា ស្ថានភាពនយោបាយនៅក្នុងប្រទេសថៃ បានផ្លាស់ប្ដូរហើយ ដូច្នេះទើបមន្ត្រីជាន់ខ្ពស់ទាំងបួនរូបរបស់លោក លាលែងចេញពីតំណែង។ លោក ប្រាយុទ្ធ ក៏បានអំពាវនាវប្រជាជនថៃបន្តទុកចិត្តរូបលោកក្នុងការជ្រើសរើសគណៈរដ្ឋមន្ត្រីថ្មីផងដែរ តែលោកបានបញ្ជាក់ជាមុនថា លោកនឹងមិនអាចធ្វើតាមការអង្វររបស់នរណាម្នាក់ឡើយ៕
ដកស្រង់ពី៖ Fresh News