ផ្ទុះការបាញ់ប្រហារយ៉ាងកម្រោល នៅរដ្ឋធានីវ៉ាស៊ីនតោន, មនុស្សម្នាក់ស្លាប់ និង៨នាក់រងរបួស ខណៈខ្មាន់កាំភ្លើងបីនាក់រត់គេចខ្លួនបាត់
- សេចក្ដីលម្អិត
- ជំពូក៖ ព័ត៌មានអន្តរជាតិ
វ៉ាស៊ីនតោន៖ យ៉ាងហោចណាស់មនុស្សម្នាក់បានស្លាប់ និង ០៨នាក់ផ្សេងទៀត បានទទួលរងរបួស នៅក្នុងករណីបាញ់ប្រហារមួយក្នុងរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក នៅថ្ងៃអាទិត្យសប្តាហ៍នេះ (ពេលវេលានៅវ៉ាស៊ីនតោន)។
នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានស៊ីនហួរ នារសៀលថ្ងៃចន្ទ ទី២០ ខែកក្កដា ឆ្នាំ២០២០។ អគ្គស្នងការប៉ូលីសរដ្ឋធានីវ៉ាស៊ីនតោនឌីស៊ី លោក ភីតធើ ញូសាម (Peter Newsham) បានគូសបញ្ជាក់ក្នុងសន្និសីទសារព័ត៌មានមួយថា ហេតុការណ៍បាញ់ប្រហារខាងលើ បានកើតឡើងនៅផ្លូវលេខ ១៤ និងផ្លូវស្ព្រីង (Spring Road) ស្ថិតនៅភាគឦសាននៃរដ្ឋធានី។
អគ្គស្នងការប៉ូលីសរូបនេះបានបន្ថែមទៀតថា មានជនសង្ស័យចំនួន ០៣នាក់ ក្នុងនោះម្នាក់កាន់កាំភ្លើងវែង និងម្នាក់ទៀតកាន់កាំភ្លើងខ្លី បានបើកប្រតិបត្តិការបាញ់ប្រហារ ទៅលើហ្វូងមនុស្សមួយក្រុមយ៉ាងគួរឲ្យរន្ធត់»។
ជាលទ្ធផលនៃការបាញ់ប្រហារដ៏សាហាវឃោរឃៅនេះ បានធ្វើឲ្យមនុស្ស ០៩នាក់ ក្នុងនោះមាន ០៨នាក់ជាបុរស និងម្នាក់ជាស្ត្រីរងរបួស ហើយត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ។
បើតាមសេចក្តីរាយការណ៍បឋម ក្នុងចំណោមជនរងគ្រោះខាងលើ មានម្នាក់ស្លាប់បាត់បង់ជីវិតទៅហើយ ខណៈពេល ០២នាក់កំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ និងអ្នកផ្សេងៗទៀត ទំនងជាមិនមានការគំរាមកំហែងដល់អាយុជីវិតទេ។
ចំណែកឯខ្មាន់កាំភ្លើងទាំងបីនាក់ មិនទាន់ត្រូវបានចាប់ខ្លួននៅឡើយទេ ខណៈមូលហេតុនៅពីក្រោយខ្នងរឿងនេះទៀតសោត ក៏មិនទាន់ត្រូវបានបញ្ជាក់ឲ្យដឹងដែរ៕
ដកស្រង់ពី៖ Fresh News