ត្រាំ មានឆន្ទៈសហការជាមួយប្រទេសនានារួមទាំងចិន ដើម្បីអភិវឌ្ឍវ៉ាក់សាំង COVID-19 ឲ្យទទួលបានជោគជ័យ និងនាំចូលសហរដ្ឋអាមេរិក
- សេចក្ដីលម្អិត
- ជំពូក៖ ព័ត៌មានអន្តរជាតិ
(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានបង្ហាញចេញនូវឆន្ទៈដ៏កម្រ ដោយចង់សហការជាមួយចិន និងបណ្តាប្រទេសផ្សេងៗទៀត នៅក្នុងការអភិវឌ្ឍវ៉ាក់សាំងប្រឆាំងវីរុសកូរ៉ូណា (COVID-19) ឲ្យទទួលបានជោគជ័យ រួចនាំយកវាចូលមកកាន់សហរដ្ឋអាមេរិក បើទោះបីជាទីក្រុងប៉េកាំង និងវ៉ាស៊ីនតោនកំពុងប្រឈមមុខ ភាពតានតឹងរវាងគ្នាស្ទើរគ្រប់វិស័យក៏ដោយ។
នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នារសៀលថ្ងៃពុធ ទី២២ ខែកក្កដា ឆ្នាំ២០២០។ លោក ដូណាល់ ត្រាំ បានថ្លែងនៅថ្ងៃអង្គារសប្តាហ៍នេះ (ពេលវេលានៅវ៉ាស៊ីនតោន) យ៉ាងដូច្នេះថា «យើងមានឆន្ទៈក្នុងការសហការ ជាមួយនឹងនរណាក៏ដោយ ដែលនឹងអាចបង្កើតចេញលទ្ធផលល្អ»។
ការលើកឡើងរបស់លោក ដូណាល់ ត្រាំ បែបនេះ គឺជាការឆ្លើយតបទៅនឹងសំនួរថា តើរដ្ឋបាលរបស់លោកនឹងមាន កិច្ចសហការជាមួយចិន ដើម្បីទទួលបានវ៉ាក់សាំង COVID-19 ដែរឬទេ ប្រសិនបើចិនជាប្រទេសទី ១ ដែលអាចអភិវឌ្ឍវ៉ាក់សាំងនោះបាន។
គួរបញ្ជាក់ថា ការឆ្លើយតបសំនួរអ្នកសារព័ត៌មាន ពីសំណាក់លោក ដូណាល់ ត្រាំ ខាងលើនេះ បានកើតមានឡើងតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីវ៉ាក់សាំងប្រឆាំងវីរុសកូរ៉ូណាថ្មីមួយ ដែលកំពុងស្ថិតក្នុងអភិវឌ្ឍ ដោយក្រុមហ៊ុនចិន ខេនស៊ីណូ បាយអូឡូជិក (CanSino Biologics) និងវិទ្យាស្ថានស្រាវជ្រាវវេជ្ជសាស្ត្រយោធាចិន ត្រូវបានធ្វើតេស្ត និងចេញលទ្ធផលគាប់ប្រសើរទៅលើមនុស្សរាប់រយនាក់ ដែលបានស្ម័គ្រចិត្តទទួលការធ្វើតេស្ត៕
ដកស្រង់ពី៖Fresh News