បណ្តាញសង្គម

ហេតុអ្វី​​បានជា ប្រទេស​​ទី​ម័​រ ​​ខាង​កើត ​មិន​អាច​​ក្លាយ​ជា​​ សមាជិក​​ អាស៊ាន​?

អាស៊ាន៖ ទីម័រខាងកើត គឺជាប្រទេសមួយ ដែលមាន ទីតាំងភូមិសាស្ត្រ ស្ថិតនៅក្នុងតំបន់ អាស៊ីអាគ្នេយ៍ (ជាប់ព្រំប្រទល់ និងប្រជុំកោះ ប្រទេសឥណ្ឌូនេស៊ី)។ តាមពិតទៅប្រទេសនេះ ធ្លាប់ស្ថិតក្រោម អាណានិគម របស់ប្រទេស ប៉រទុយហ្កាល់ ហើយបានប្រកាស ឯករាជ្យជាផ្លូវការ នៅថ្ងៃទី២៨ ខែ វិច្ឆិកា ឆ្នាំ១៩៧៥។ ក្រោយប្រទេសនេះ ប្រកាសឯករាជ្យ មិនទាន់បានស្រួលបួល ប៉ុន្មានផង ទីម័រ ក៏ត្រូវបានឈ្លានពាន ដោយប្រទេសឥណ្ឌូនេស៊ី ដែលជាប្រទេសជិតខាង នៅចុងឆ្នាំ១៩៧៥ រហូតដល់ឆ្នាំ១៩៩៩ ។

នៅពេលទីម័រខាងកើត ធ្លាក់ក្រោមអាណានិគម ឥណ្ឌូនេស៊ី ឥណ្ឌូនេស៊ីបានសម្រេច ដាក់បញ្ចូលរដ្ឋ មួយនេះ ក្នុងឧបសម្ព័នរបស់ខ្លួន ហើយខណៈពេលនោះដែរ ប្រជាជនទីម័រ ជាច្រើននាក់ ត្រូវបានរងការធ្វើទារុណកម្ម ឃុំឃាំង និងសម្លាប់ យ៉ាងឃោរឃៅ ដោយអាជ្ញាធរឥណ្ឌូនេស៊ី។ ក្រោយមក ប្រទេសនេះ បានទទួលឯករាជ្យ ជាថ្មីម្តងទៀត បន្ទាប់ពីមានការបោះឆ្នោត ប្រជាមតិនៅឆ្នាំ១៩៩៩ ដែលការបោះឆ្នោតនេះ ត្រូវបានរៀបចំឡើង ដោយអង្គការ សហប្រជាជាតិ។ ក្រោយមកដែនដី អាណានិគមឥណ្ឌូនេស៊ី មួយនេះ បានក្លាយជារដ្ឋឯករាជ្យ មានអធិបតេយ្យពេញលេញ និងបានក្លាយ ជាសមាជិករបស់ អង្គការសហប្រជាជាតិ នៅឆ្នាំ២០០២ ។

ត្រលប់មកពិភាក្សាពី សមាជិកភាពរបស់ទីម៉រ ខាងកើត ក្នុងស្ថាប័នអាស៊ាន វិញ ប្រទេសក្មេងខ្ចី មួយនេះ គួរតែបានការទទួលស្គាល់ ពីសំណាក់ប្រទេស ជាសមាជិកអាស៊ាន ទាំងអស់។ ជាការពិត កាលពីពេលកន្លងមកនេះ ទីម័រខាងកើត ត្រូវបានទទួលការគាំទ្រ ដើម្បីទទួលបាន សមាជិកភាព ពីប្រទេសអាស៊ានមួយ ចំនួនដូចជា កម្ពុជា ថៃ ប្រ៊ុយណេ មីយ៉ាន់ម៉ា ម៉ាឡេស៊ី វៀតណាម ហ្វីលីពីន និងឥណ្ឌូនេស៊ី។ ប៉ុន្តែយ៉ាងណាក៏ដោយ អាស៊ានត្រូវឈរលើគោលការណ៍ ឯកច្ឆ័ន ក្នុងការសម្រេចចិត្ត ដូច្នេះហើយទើប ទីម័រខាងកើត មិនទាន់អាចក្លាយជា សមាជិកពេញសិទ្ធិរបស់ អាស៊ាន ដ្បិតមានការបដិសេដ ពីប្រទេសឡាវ និងសិង្ហបុរី។ ទាក់ទិនទៅនឹង ការបដិសេធ សមាជិកភាពទីម៉រនេះ គេសង្កេតឃើញ មានមូលហេតុមួយចំនួន។

បើតាមការអះអាង របស់រដ្ឋាភិបាលសិង្ហបុរី ទីម័រខាងកើត មិនទាន់ត្រៀមខ្លួនរួចរាល់ ដើម្បីក្លាយជា សមាជិកអាស៊ាន និងមិនអាច មានលទ្ធភាពដោះស្រាយ កត្តាប្រឈមនានា នៅក្នុងប្រទេស។ អ្វីដែលជា ភាពមិនទាន់រួចរាល់ និងឧបសគ្គ របស់ទីម៉រខាងកើត ដែលសិង្ហបុរី បានលើកឡើងនោះ គឺគ្មានអ្វីក្រៅពីភាពក្រីក្រ និងភាពទន់ខ្សោយ ស្ទើរគ្រប់វិស័យ ដែលរួមមាន ទាំងផ្នែកសង្គមសេដ្ឋកិច្ច នយោបាយ និងសន្តិសុខ។ ភាពទន់ខ្សោយទាំងនោះ ក៏ដោយសារប្រទេសនេះ ទើបតែទទួលបាន ឯករាជ្យថ្មីៗ ហើយវាក៏ទាមទារ នូវពេលវេលាមួយចំនួន ដើម្បីដោះស្រាយ បញ្ហានេះមុននឹង ចូលរួមជាមួយអង្គការ ថ្នាក់តំបន់ដូចអាស៊ាន

ដោយសារតែបញ្ហា ទាំងនេះហើយ បានជាសិង្ហបុរី មានភាពស្ទាក់ស្ទើរ មិនទាន់ហ៊ាន សម្រេចអោយទីម័រខាងកើត ចូលរួមជាសមាជិកថ្មីរបស់ អាស៊ាន។ សិង្ហបុរីព្រួយបារម្ភថា ការចូលរួមរបស់ ទីម៉រខាងកើន អាចនឹងជះឥទ្ធិពល អាក្រក់មកលើស្ថិរភាព សាមគ្គីភាព សហប្រតិបត្តិការ និងសន្តិសុខ របស់អាស៊ាន។ ទីម័រខាងកើត អាចនឹងក្លាយជាបន្ទុកថ្មី របស់អាស៊ាន ប្រសិនបើសមាជិក អាស៊ានព្រមទទួលយក ប្រទេសនេះ៕