ចិនចាត់ទុកការបិទស្ថានកុងស៊ុលខ្លួននៅ Houston ជា «ល្បែងនយោបាយរបស់ ត្រាំ» មុនការបោះឆ្នោតនៅខែវិច្ឆិកា
- សេចក្ដីលម្អិត
- ជំពូក៖ ព័ត៌មានអន្តរជាតិ
(សៀងហៃ)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិនបានឲ្យដឹងថ្ងៃព្រហស្បតិ៍នេះថា ការសម្រេចរបស់រដ្ឋាភិបាលអាមេរិក ក្នុងការបិទស្ថានកុងស៊ុលចិនប្រចាំទីក្រុង ហូស្តុន (Houston) រដ្ឋតិចសាស់ គឺជាការប៉ុនប៉ងទំលាក់កំហុស មកលើទីក្រុងប៉េកាំង ចំពោះភាពបរាជ័យរបស់ខ្លួន នៅមុនការបោះឆ្នោតប្រធានាធិបតី នាខែវិច្ឆិកាខាងមុខនេះ។
នេះបើតាមការចេញផ្សាយ ដោយ CNA នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៣ ខែកក្កដា ឆ្នាំ២០២០។ ក្រសួងការបរទេសអាមេរិកនៅថ្ងៃពុធសប្ដាហ៍នេះ (ពេលវេលានៅវ៉ាស៊ីនតោន) បានប្រកាសថា ការសម្រេចចិត្តបិទស្ថានស៊ុលចិននៅក្នុងទីក្រុង ហូស្តុន គឺដើម្បីការពារកម្មសិទ្ធិបញ្ញា និងព័ត៌មានឯកជនរបស់ប្រជាជនអាមេរិក ពីការស៊ើបការណ៍ ឬលួចពីសំណាក់ទីក្រុងប៉េកាំង។
សេចក្តីសម្រេចខាងលើនេះ ត្រូវបានធ្វើឡើងស្របពេលដែលមាន ការកើនឡើងភាពតានតឹងខ្លាំង រវាងប្រទេសមហាអំណាចសេដ្ឋកិច្ចទាំង ២ របស់ពិភពលោក ដោយសារតែទីក្រុងវ៉ាស៊ីនតោនបានចោទប្រកាន់ទីក្រុងប៉េកាំង ពីសកម្មភាពចារកម្មប្រឆាំងអាមេរិក ខណៈរដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិកលោក ម៉ៃក៍ ប៉ុមប៉េអូ (Mike Pompeo) បានទទូចឱ្យសម្ព័ន្ធមិត្តរបស់ខ្លួន ចាត់វិធានការប្រឆាំងនឹង រដ្ឋាភិបាលទីក្រុងប៉េកាំងបន្ថែមទៀត។
ជុំវិញបញ្ហានេះដែរ ស្ថានទូតចិនប្រចាំទីក្រុងវ៉ាស៊ីនតោន បានហៅការបិទស្ថានកុងស៊ុលរបស់ខ្លួន នៅក្រុងហូស្តុនថា ជាការបង្ករឿងពាក់ព័ន្ធនឹងនយោបាយ និងជាការប្រឌិតដែលគ្មានមូលដ្ឋានច្បាស់លាស់ ទៅលើបេសកកម្មការទូតរបស់ចិន ព្រមទាំងបានអំពាវនាវឱ្យទីក្រុងវ៉ាស៊ីនតោន លុបចោលនូវការសម្រេចនេះជាបន្ទាន់។
អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី ហួ ឈុនយីង បានសរសេរសារនៅលើបណ្តាញសង្គម Twitter ថា ប្រទេសចិននឹងចាត់វិធានការ តបតវិញយ៉ាងម៉ឺងម៉ាត់បំផុត។
គួរបញ្ជាក់ថា យោងតាមការិយាល័យស៊ើបអង្កេតអាមេរិក (FBI) បានចោទប្រកាន់អ្នកស្រាវជ្រាវជនជាតិចិនម្នាក់ ពីបទក្លែងបន្លំទិដ្ឋាការ និងការលាក់បាំងទំនាក់ទំនងជាមួយយោធាចិន ហើយកំពុងស្ថិតនៅក្នុងស្ថានកុងស៊ុលចិន ប្រចាំទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ ខណៈដែលក្រុមអ្នកស្រាវជ្រាវជនជាតិចិនផ្សេងទៀត នៅតាមសាកលវិទ្យាល័យអាមេរិក ក៏ត្រូវបានចាប់ឃាត់ខ្លួនពីបទក្លែងបន្លំទិដ្ឋាការផងដែរ៕
ដកស្រង់ពី៖ Fresh News