Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ទីបំផុតកាលីហ្វ័រញ៉ាក្លាយជារដ្ឋមានអ្នកឆ្លង COVID-19 ច្រើនជាងគេនៅអាមេរិក

  • បោះពុម្ព

 (វ៉ាស៊ីនតោន)៖ ទីបំផុតកាលីហ្វ័រញ៉ាបានក្លាយជារដ្ឋដែលមានអ្នកជំងឺ COVID-19 ច្រើនជាងគេបំផុតរបស់សហរដ្ឋអាមេរិក ក្រោយពីរដ្ឋដែលមានប្រជាជនរស់នៅ ច្រើនជាងគេបំផុតមួយនេះ បានវ៉ាដាច់រដ្ឋញូយ៉កនៅថ្ងៃពុធសប្តាហ៍នេះ (ពេលវេលានៅវ៉ាស៊ីនតោន) ដែលជាចំណុចកណ្តាលនៃការរីករាលដាល វីរុសកូរ៉ូណាធ្ងន់ធ្ងរដំបូងគេនៅអាមេរិក។

នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៣ ខែកក្កដា ឆ្នាំ២០២០។ បច្ចុប្បន្នចំនួនករណីឆ្លង COVID-19 សរុបនៅក្នុងរដ្ឋកាលីហ្វ័រញ៉ា ដែលមានប្រជាជនប្រមាណជិត ៤០លាននាក់ បានកើនឡើងលើស ៤១៤,០០០ករណីហើយ បន្ទាប់ពីរដ្ឋមួយនេះទើបតែបានរាយការណ៍ពីករណីឆ្លងថ្មីៗ ច្រើនជាង ៤,៧០០នាក់ទៀត នៅថ្ងៃពុធសប្តាហ៍នេះ។

ចំណែកឯរដ្ឋញូយ៉កវិញ មានចំនួនករណីឆ្លងសរុបជាង ៤១២,៨០០ករណីគិតត្រឹមពេលដូចគ្នា។ អត្រាករណីឆ្លងថ្មីៗជាមធ្យមនៅញូយ៉ក បានធ្លាក់មកនៅចំនួន ៧០០ករណីក្នុងមួយថ្ងៃ ខណៈនៅរដ្ឋកាលីហ្វ័រញ៉ាវិញជាមធ្យមគឺឆ្លង ៨,៣០០នាក់ក្នុងមួយថ្ងៃនៅអំឡុងខែកក្កដានេះ។

សហរដ្ឋអាមេរិកដែលជាប្រទេសឈរលំដាប់ថ្នាក់លេខ ១ នៅក្នុងចំណោមបណ្តាប្រទេសដែលមានអ្នកឆ្លង និងស្លាប់ដោយសារ COVID-19 ច្រើនជាងគេបំផុតនៅលើពិភពលោក បច្ចុប្បន្ននេះមានអ្នកស្លាប់សរុបប្រមាណ ១៤.៦ម៉ឺននាក់ហើយ ក្នុងចំណោមករណីឆ្លងសរុបប្រមាណជាង ៤.១លានករណី ដោយក្នុងនោះចំនួនអ្នកជាសះស្បើយវិញ មានប្រមាណជាង ១.៩លាននាក់។

គួរជម្រាបថា សន្ទុះនៃអត្រាករណីឆ្លង និងស្លាប់ប្រចាំថ្ងៃនៃជំងឺ COVID-19 នៅសហរដ្ឋអាមេរិកនាមួយរយៈពេលចុងក្រោយនេះ បានហក់ឡើងយ៉ាងគំហុកជាថ្មីម្តងទៀត ដែលអ្នកជំនាញខ្លះបានហៅថា ជាការផ្ទុះករណីឆ្លងរលកទី ២ បន្ទាប់ពីរដ្ឋជាច្រើនបានសម្រេចចិត្ត បើកសកម្មភាពសេដ្ឋកិច្ចឡើងវិញយ៉ាងតក់ក្រហល់ ផ្ទុយពីការព្រមានរបស់ក្រុមអ្នកជំនាញអន្តរជាតិ។

ដោយឡែកបន្តធ្វើបាតុកម្មនៅតាមទីក្រុងធំៗមួយចំនួន និងការមិនបានអនុវត្តវិធានការរក្សាសុវត្ថិភាពឲ្យបានខ្ជាប់ខ្ជួន គឺជាកត្តាជម្រុញឲ្យមានករណីឆ្លងកើនឡើងជាលំដាប់៕

ដកស្រង់ពី៖ Fresh News