ប្រធានាធិបតីទួគី ជួបជាមួយមេដឹកនាំរដ្ឋាភិបាលដែលគាំទ្រដោយអង្គការសហប្រជាជាតិរបស់លីប៊ី នៅទីក្រុងអ៊ីស្តង់ប៊ុល
- សេចក្ដីលម្អិត
- ជំពូក៖ ព័ត៌មានអន្តរជាតិ
នាយកផ្នែកទំនាក់ទំនងទួគី បាននិយាយថា ប្រធានាធិបតីទួគីលោក Recep Tayyip Erdogan កាលពីថ្ងៃសៅរ៍ បានជួបជាមួយប្រមុខរដ្ឋាភិបាល ដែលទទួលស្គាល់ដោយអង្គការសហប្រជាជាតិ របស់លីប៊ី នៅទីក្រុងអ៊ីស្តង់ប៊ុល។
នៅព្រឹកថ្ងៃដដែលប្រធានាធិបតីទួគី ក៏បានជួបសន្ទនាតាមទូរស័ព្ទជាមួយនាយករដ្ឋមន្រ្តីអ៊ីតាលី លោក Giuseppe Conte ដោយផ្តោតលើការវិវត្តនៅក្នុងប្រទេសលីប៊ី។ លោក Erdogan និង Conte បានយល់ព្រមរក្សាការសន្ទនាគ្នា ដើម្បីរកដំណោះស្រាយនយោបាយនៅក្នុងប្រទេសអាហ្វ្រិកខាងជើងមួយនេះ។
ប្រទេសលីប៊ី ត្រូវបានហែកហួរដោយសង្គ្រាមស៊ីវិល រវាងរដ្ឋាភិបាលបណ្ណោះអាសន្ន ដែលមានមូលដ្ឋាននៅរដ្ឋធានីទ្រីប៉ូលី និងកងទ័ពជាតិលីប៊ី និងសម្ព័ន្ធមិត្តរបស់ខ្លួនដែលមានមូលដ្ឋាននៅភាគខាងកើត។
ទួគី គាំទ្រដល់រដ្ឋាភិបាលបណ្ណោះអាសន្ននោះ ទាំងផ្នែកនយោបាយ និងយោធា ដោយពង្រាយកងទ័ពរបស់ខ្លួននៅក្នុងប្រទេសលីប៊ី ដើម្បីហ្វឹកហាត់ និងណែនាំកងកម្លាំង ដែលស្មោះត្រង់នឹង al-Serraj នេះបើតាមការផ្សាយរបស់ស៊ិនហួរ-ចិន កាលពីថ្ងៃអាទិត្យ។