បណ្តាញសង្គម

ចិនវាយបកទៅអាមេរិកវិញ៖ «សមុទ្រចិនខាងត្បូង​មិនមែនជាកោះហាវ៉ៃ​របស់សហរដ្ឋអាមេរិកនោះទេ»

(ប៉េកាំង)៖ ប្រទេសចិនកាលពីថ្ងៃអង្គារសប្តាហ៍នេះ បានសម្តែងការប្រឆាំងជាថ្មីទៅនឹងទង្វើលូកលាន់កិច្ចការសមុទ្រចិនខាងត្បូង ពីសំណាក់សហរដ្ឋអាមេរិក ដោយទីក្រុងប៉េកាំងបានណែនាំថា «សមុទ្រចិនខាងត្បូងមិនមែនជាកោះហាវ៉ៃរបស់សហរដ្ឋអាមេរិកនោះទេ»។

នេះបើតាមការដកស្រង់ព័ត៌មានពី CGTN នារសៀលថ្ងៃពុធ ទី២៩ ខែកក្កដា ឆ្នាំ២០២០។

លោក វ៉ាង វិនពីន (Wang Wenbin) អ្នកនាំពាក្យក្រសួងការបរទេសចិន បានថ្លែងដូចខាងលើនេះ នៅក្នុងសន្និសីទសារព័ត៌មានមួយ កាលពីថ្ងៃអង្គារសប្តាហ៍នេះ ដើម្បីឆ្លើយតបទៅនឹងពាក្យសម្តីរបស់រដ្ឋមន្ត្រីការបរទេសអាមេរិក លោក ម៉ៃក៍ ប៉ុមប៉េអូ (Mike Pompeo) ដែលបានវាយប្រហារចិនត្រង់ៗថា «ចិនកំពុងតែគ្រប់គ្រងអធិបតេយ្យនៅក្នុងដែនទឹក (សមុទ្រចិនខាងត្បូង) បន្តិចម្តងៗ។

សមុទ្រចិនខាងត្បូង មិនមែនជាអាណាចក្រដែនសមុទ្រ នៃប្រទេសចិននោះទេ»។ ជាការឆ្លើយតបទៅនឹងសហរដ្ឋអាមេរិក លោក វ៉ាង បានគូសបញ្ជាក់យ៉ាងដូច្នេះថា «ប្រទេសចិនមិនដែលបង្កើនការអះអាង ទៅលើអធិបតេយ្យភាពសមុទ្រខាងត្បូងនោះឡើយ។ ចិននៅតែរក្សាការគោរពជានិច្ច ចំពោះច្បាប់អន្តរជាតិ ខណៈដែលតួនាទីរបស់ចិននៅតំបន់នេះ តែងតែដើរស្របគ្នាជានិច្ច។

ចិនតែងតែធ្វើការងាររួមគ្នា ដើម្បីដោះស្រាយជម្លោះតាមរយៈកិច្ចចរចា ដោយមានការចូលរួមពីគ្រប់ភាគីទៅអស់»។

គួរបញ្ជាក់ថា ក្រៅពីការតបតទៅកាន់ពាក្យសម្តី នៃរដ្ឋមន្ត្រីការបរទេសអាមេរិក ចិនក៏បានចាត់ទុកផងដែរថា ការចល័តក្បួននាវាពិឃាតអាមេរិកដូចជា USS Nimitz និង USS Ronald Reagan មកធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំ នៅតំបន់សមុទ្រចិនខាងត្បូងនោះ គឺជាការបង្កហេតុ និងធ្វើឲ្យស្ថានការណ៍ក្នុងតំបន់នេះ កាន់តែតានតឹងខ្លាំងឡើងៗ។

ចិនបានអំពាវនាវជាថ្មីឲ្យសហរដ្ឋអាមេរិកឈប់ប្រើប្រាស់សមុទ្រចិនខាងត្បូង ជាលេសបង្កើតជម្លោះក្នុងតំបន់ ដើម្បីប្រឆាំងចិនតទៅទៀត៕

ដកស្រង់ពី៖ Fresh News