បណ្តាញសង្គម

អាមេរិកកំពុងបំផុសបំផុលឲ្យអន្តរជាតិ រារាំងចៅក្រមចិនមិនឲ្យជាប់ឈ្មោះ ក្នុងតុលាការអន្តរជាតិ ដោះស្រាយជម្លោះដែនសមុទ្រ

  (ប៉េកាំង)៖ ចិនបានតែងតាំងបេក្ខជនម្នាក់ សម្រាប់តំណែងជាចៅក្រមនៅក្នុងតុលាការអន្តរជាតិ ដែលទទួលបន្ទុកដោះស្រាយជម្លោះសមុទ្រ ប៉ុន្តែសហរដ្ឋអាមេរិកបានចេញមុខ «ជំទាស់ជាដាច់ខាត» និងកំពុងព្យាយាមរារាំងដោយចោទថា ទីក្រុងប៉េកាំងបាននិងកំពុងបំពាន ច្បាប់សមុទ្រអន្តរជាតិជាបន្តបន្ទាប់ នៅក្នុងជម្លោះដែនទឹក នៅឯតំបន់សមុទ្រចិនខាងត្បូង។

នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNBC នៅរសៀលថ្ងៃអង្គារ ទី០៤ ខែសីហា ឆ្នាំ២០២០។

លោក ដេវីដ ស្ទីលវែល (David Stilwell) ជាជំនួយការរដ្ឋមន្ត្រីការបរទេសអាមេរិក ទទួលបន្ទុកកិច្ចការអាស៊ីខាងកើត និងប៉ាស៊ីហ្វិក បានជំរុញឱ្យបណ្ដាប្រទេសទាំងអស់ប្រុងប្រយ័ត្ន ចំពោះការជ្រើសរើសបេក្ខជនជាចៅក្រម ដែលត្រូវបានតែងតាំងដោយភាគីចិន ហើយត្រូវពិចារណាឱ្យបានច្បាស់ថា តើចៅក្រមចិននឹងជួយ ឬក៏បំផ្លាញច្បាប់អន្តរជាតិ។

លោក Stilwell បានបន្ថែមទៀតថា ការបោះឆ្នោតជ្រើសរើសបេក្ខជនចិន ឱ្យកាន់តំណែងជាចៅក្រម នៃតុលាការអន្តរជាតិសម្រាប់ច្បាប់សមុទ្រ គឺប្រៀបបានទៅនឹងការជ្រើសរើសអ្នកបង្កអគ្គីភ័យម្នាក់ ឱ្យគ្រប់គ្រងស្ថានប័នពន្លត់អគ្គីភ័យ។

ជាការឆ្លើយតបទៅនឹងការលើកឡើងខាងលើនេះ អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី ហួ ឈុនយីង (Hua Chunying) បានអះអាងថា វាគឺជារឿងគួរឱ្យអស់សំណើច ដែលសហរដ្ឋអាមេរិកចង់រារាំងចិន ខណៈខ្លួនឯងមិនបានផ្ដល់សច្ចាប័ន ដល់អនុសញ្ញាអង្គការសហប្រជាជាតិ (UN) ស្ដីពីច្បាប់សមុទ្រ ឬហៅកាត់ថា UNCLOS។ លោកស្រី Hua បានគូសបញ្ជាក់ដូច្នេះថា «មកទល់នឹងពេលនេះ សហរដ្ឋអាមេរិកមិនបានផ្ដល់សច្ចារប័នលើ UNCLOS ឡើយ ប៉ុន្តែតែងតែដើរតួនាទីជាតួឯក ការពារអនុសញ្ញានេះទៅវិញ»។

គួរជម្រាបថា តុលាការអន្តរជាតិសម្រាប់ច្បាប់សមុទ្រ ត្រូវបានគេរំពឹងថា នឹងរៀបចំការបោះឆ្នោតមួយនៅក្នុងខែសីហានេះ ឬខែកញ្ញាខាងមុខ ដើម្បីជ្រើសរើសចៅក្រម ០៧នាក់ ឱ្យកាន់តំណែងក្នុងអាណត្តិថ្មី ដែលមានរយៈពេល ០៩ឆ្នាំ។ ប្រទេសជាហត្ថលេខីទាំង ១៦៨ នៃអនុសញ្ញាអង្គការសហប្រជាជាតិ ស្ដីពីច្បាប់សមុទ្រ នឹងត្រូវចូលរួមក្នុងការបោះឆ្នោតនេះ៕

ដកស្រង់ពី៖ Fresh News