បណ្តាញសង្គម

សហរដ្ឋអាមេរិក នឹងបង្ហាញពីដំណោះស្រាយ UN ដើម្បីបន្តដាក់ទណ្ឌកម្មអាវុធលើអ៉ីរ៉ង់

  (វ៉ាស៊ីនតោន)៖ រដ្ឋមន្រី្តការបរទេសអាមេរិក លោក ម៉ៃក៍ ប៉ុមប៉េអូ (Mike Pompeo) បាននិយាយថា សហរដ្ឋអាមេរិកធ្វើបទបង្ហាញពីដំណោះស្រាយមួយ នៅក្នុង ក្រុមប្រឹក្សាសនិ្តសុខអង្គការសហប្រជាជាតិ (UNSC) នៅសប្ដាហ៍ក្រោយនេះ សំដៅបន្តការដាក់ទណ្ឌកម្មអាវុធលើអ៉ីរ៉ង់។

នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារ ព័ត៌មានចិនស៊ីនហួរ នៅថ្ងៃព្រហស្បតិ៍ ទី០៦ ខែសីហា ឆ្នាំ២០២០។ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាដ៏ខ្លីមួយ នៅថ្ងៃពុធសប្ដាហ៍នេះ លោក ប៉ុមប៉េអូ បានគូសបញ្ជាកដូច្នេះថា៖ «យើងនឹងមិនអនុញ្ញាតឲ្យការដាក់ទណ្ឌកម្ម អាវុធលើប្រទេស អឺរ៉ង់ ផុតកំណត់នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០នេះឡើយ»។

រដ្ឋមន្រី្តការបរទេសអាមេរិករូបនេះ ក៏បានព្រមានដែរថាទីក្រុងវ៉ាស៊ីនតោន នឹងដាក់ចេញឱ្យអនុវត្តឡើងវិញ នូវយន្ដការ នៅក្រោមកិច្ចព្រមព្រៀងអឺរ៉ង់ឆ្នាំ២០១៥ ដើម្បីដាក់ទណ្ឌកម្មជាថ្មីក្រោមក្របខណ្ឌអង្គការសហប្រជាជាតិ ប្រឆាំងនឹងទីក្រុងតេហេរ៉ង់។

តែទោះជាយ៉ាងនេះក្ដី លោក Zhang Jun ជាអគ្គរដ្ឋទូតចិនប្រចាំនៅអង្គការសហប្រជាជាតិ ធ្លាប់បានបញ្ជាក់កាលពីចុងខែមិថុនាថា សហរដ្ឋអាមេរិកលែងជាអ្នកចូលរួមក្នុង កិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៉ីរ៉ង់ទៀតហើយ ដូច្នេះគ្មានអ្វីសិទ្ធិក្នុងការអនុវត្តយន្ដការដាក់ទណ្ឌកម្មឯកតោភាគីលើអ៉ីរ៉ង់នោះទេ។

លើសពីនេះទៅទៀត រដ្ឋមន្រ្តីការបរទេស អង់គ្លេស បារាំង និងអាល្លឺម៉ង់ ក៏បានកត់សម្គាល់កាលពីខែមិថុនាដែរថា ពួកគេនឹងមិនគាំទ្រការប៉ុនប៉ងដាក់ទណ្ឌកម្មឯកតោភាគីណាមួយឡើយ ខណៈលោក Sergei Lavrov រដ្ឋមន្រី្តការបរទេសរុស្សី អះអាងថាការប៉ុនប៉ងបន្តការដាក់ទណ្ឌកម្មអាវុធប្រឆាំងនឹងអ៉ីរ៉ង់ដោយគ្មានការកំណត់ គឺជាទង្វើខុសច្បាប់។

គួរបញ្ជាក់ថា បើតាមដំណោះស្រាយរបស់ក្រុមប្រឹក្សាសនិ្តសុខអង្គការសហប្រជាជាតិ (UNSC) លេខ ២២៣១ ទណ្ឌកម្មអាវុធលើអ៉ីរ៉ង់ នឹងត្រូវបានដកចេញ នៅខែតុលាខាងមុខនេះ ហើយទីក្រុងតេហេរ៉ង់ រំលឹកជាមុនថាការដាក់ទណ្ឌកម្មសាជាថ្មី គឺជារឿងមិនអាចទទួលយកបានជាដាច់ខាត៕

ដកស្រង់ពី៖ Fresh News