បណ្តាញសង្គម

រដ្ឋបាលលោក ត្រាំ ចាយជាង១ពាន់លានដុល្លារ ដើម្បីទិញវ៉ាក់សាំង COVID-19 ពីក្រុមហ៊ុនមួយ នៅពេលវាផលិតបានសម្រេច (Video inside)

(វ៉ាស៊ីនតោន)៖ រដ្ឋាភិបាលអាមេរិកនឹងចំណាយប្រាក់ច្រើនជាង ១ពាន់លានដុល្លារ ដើម្បីទិញវ៉ាក់សាំង COVID-19 ចំនួន ១០០លានដូស ផលិតឡើងដោយក្រុមហ៊ុន Johnson & Johnson ដើម្បីបំពេញស្ដុករបស់ខ្លួន ក្នុងគោលដៅបិទបញ្ចប់ការឆ្លងរាតត្បាត នៃជំងឺដ៏កាចសាហាវមួយនេះ។

នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៦ ខែសីហា ឆ្នាំ២០២០។ បើតាមកិច្ចសន្យាចុងក្រោយបំផុតរបស់រដ្ឋាភិបាលអាមេរិក ជាមួយក្រុមហ៊ុន ចនសុនអ៊ែនចនសុន (Johnson & Johnson ឬ J&J) វ៉ាក់សាំងមួយដប (ដូស) មានតម្លៃ ១០ដុល្លារ និងលោតដល់តម្លៃ ១៤.៥ដុល្លារក្នុងមួយដប ប្រសិនបើរាប់បញ្ចូលទាំងកិច្ចសន្យា ៤៥៦លានដុល្លារ សម្រាប់ការអភិវឌ្ឍវ៉ាក់សាំង ដែលរដ្ឋបាលលោក ដូណាល់ ត្រា បានសន្យាផ្ដល់ឱ្យកាលពីខែមីនា។

បន្ថែមពីលើនេះ ប្រព័ន្ធផ្សព្វផ្សាយអាមេរិកក៏បានឱ្យដឹងដែរថា រដ្ឋាភិបាលអាមេរិក ក៏អាចនឹងចំណាយប្រាក់ទិញវ៉ាក់សាំងបន្ថែមចំនួន ២០០លានដប ពីក្រមហ៊ុន J&J។ ក្រៅពីវ៉ាក់សាំងរបស់ក្រុមហ៊ុន J&J សហរដ្ឋអាមេរិក ក៏បានទិញវ៉ាក់សាំងពីក្រុមហ៊ុន ភីហ្វីហ្សឺ (Pfizer) និងក្រុមហ៊ុនអាល្លឺម៉ង់ បាយអូនអិនធិច (BioNTech) ផងដែរ ដោយវ៉ាក់សាំមួយដបមានតម្លៃ ១៩.៥០ដុល្លារ។

គួរបញ្ជាក់ថា រដ្ឋបាលប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានចំណាយប្រាក់ ៩.៤ពាន់លានដុល្លារហើយ ដើម្បីទិញវ៉ាក់សាំង COVID-19 ខណៈក្រុមហ៊ុនចំនួន ០៥ បានយល់ព្រមផ្គត់ផ្គង់វ៉ាក់សាំងយ៉ាងហោច ៧០០លានដបដល់សហរដ្ឋអាមេរិក នៅក្នុងករណីដែលវ៉ាក់សាំងទាំងនោះ ត្រូវបានអភិវឌ្ឍដោយជោគជ័យ ក្នុងនោះក្រុមហ៊ុន Moderna អាមេរិកហាក់កំពុងនាំមុខគេទាំងអស់៕

ដកស្រង់ពី៖ Fresh News