បណ្តាញសង្គម

ចំនួនករណីឆ្លង COVID-19 នៅឥណ្ឌាលោតដល់ខ្ទង់ ២លាននាក់ ក្រោយរកឃើញអ្នកឆ្លងជាង ៦២,០០០នាក់ទៀតក្នុង១ថ្ងៃ!

(ញូដេលី)៖ តាមទិន្នន័យចុងក្រោយ ដែលចេញផ្សាយដោយក្រសួងសុខាភិបាលឥណ្ឌា នៅថ្ងៃសុក្រនេះបានឲ្យដឹងថា ចំនួនករណីឆ្លង COVID-19 សរុបនៅទូទាំងប្រទេសអាស៊ីខាងត្បូងមួយនេះ បានកើនដល់ខ្ទង់ ២លានករណី ក្នុងនោះអ្នកជំងឺច្រើនជាង ៤១,០០០នាក់ បានស្លាប់។

នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅរសៀលថ្ងៃសុក្រ ទី០៧ ខែសីហា ឆ្នាំ២០២០។ នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះប៉ុណ្ណោះ ឥណ្ឌាបានកត់ត្រាករណីឆ្លងថ្មីៗ ៦២,៥៣៨នាក់ទៀត ដែលនាំឲ្យចំនួនករណីឆ្លង COVID-19 សរុបកើនដល់ ២,០២៧,០៧៤ករណី។

នៅក្នុងពេលដូចគ្នានេះ អ្នកជំងឺសរុប ៨៨៦នាក់ទៀតបានស្លាប់ នាំឲ្យចំនួនអ្នកស្លាប់សរុបកើនដល់ ៤១,៥៨៥នាក់។ ដោយឡែកចំនួនអ្នកជាសះស្បើយវិញ ក៏បានកើនឡើងដល់ជាង ១,៣៧៨,០០០នាក់ផងដែរ។

គួរបញ្ជាក់ថា បន្ទាប់ពីអត្រាឆ្លងនៅឥណ្ឌា បានលោតដល់ខ្ទង់លើស ៥០,០០០នាក់ក្នុងមួយថ្ងៃ ក្នុងរយៈពេល ០៨ថ្ងៃជាប់ៗគ្នាមកនេះ បានធ្វើឲ្យចំនួនករណីឆ្លង COVID-19 កើនឡើងយ៉ាងគំហុក។

ទោះជាយ៉ាងឥណ្ឌានៅតែស្ថិតនៅក្រោម សហរដ្ឋអាមេរិក និងប្រទេសប្រេស៊ីលនៅឡើយ ប៉ុន្តែអត្រាឆ្លង COVID-19 ប្រចាំថ្ងៃនៅក្នុងប្រទេសធំៗទាំងបីនេះ គឺប្រហាក់ប្រហែលគ្នា ខណៈអត្រាស្លាប់នៅអាមេរិក និងប្រេស៊ីល ខ្ពស់ជាងឥណ្ឌាឆ្ងាយណាស់៕

ដកស្រង់ពី៖ Fresh News