បណ្តាញសង្គម

ស្លាប់មនុស្ស យ៉ាងហោចណាស់ ៣២នាក់ ដោយសារការរត់ជាន់គ្នា នៅភាគខាងកើតឥណ្ឌា

ញូដេលី៖ មន្រ្តីប៉ូលីស ជាន់ខ្ពស់ឥណ្ឌា បាននិយាយថា យ៉ាងហោចណាស់ មនុស្សចំនួន ៣២នាក់ បានស្លាប់ និងច្រើនជាង ៥០នាក់ ទៀតរបួស ក្នុងហេតុការណ៍ រត់ជាន់គ្នា ដែលមានមនុស្ស យ៉ាងច្រើន នៅរដ្ឋធានី ប៊ីហា ភាគខាងកើត ប្រទេសឥណ្ឌា កាលពីល្ងាច ថ្ងៃសុក្រ ទី០៣ ខែតុលា។

ទីភ្នាក់ងារ ព័ត៌មាន ចិនស៊ិនហួ ចេញផ្សាយ នៅថ្ងៃសៅរ៍ ទី០៤ ខែតុលា ឆ្នាំ២០១៤ ដោយផ្អែក តាមការលើកឡើង របស់មន្រ្តីជាន់ខ្ពស់ សុំមិនបញ្ចេញ ឈ្មោះនោះថា «ហេតុការណ៍ រត់ជាន់គ្នានេះ បានកើតឡើង នៅពេលមនុស្ស រាប់ពាន់នាក់ បានព្យាយាម រត់សម្រុកទៅផ្លូវធំ បន្ទាប់ពីទស្សនា ការប្រារព្ធពិធី ឌូស័ររ៉ា តាមបែបសាសនា ហិនឌូ កាលពីវេលាម៉ោង ៧ និង៣០នាទី ម៉ោងក្នុងតំបន់ រួចហើយ ក្រោយមក ក៏មានពាក្យចចាមអារ៉ាម បានផ្សព្វផ្សាយថា មានដាច់ខ្សែភ្លើង នៅលើដីក៏នាំគ្នា រត់តែម្តង » ។

លោកបន្តថា ក្រោយបាន លឺដំណឹងនេះ ប្រជាជនទំាងនោះ បានព្យាយាម រត់សំដៅ ទៅទ្វារ តែមួយដែលកំពុង បើកចំហរ បណ្តាលឲ្យ មនុស្សចំនួន ៣២នាក់ស្លាប់ ចំណែកអ្នករបួស ក៏ត្រូវបានគេរួសរាន់ បញ្ជូនទៅកាន់ មន្ទីរពេទ្យផងដែរ ។

 ជាមួយគ្នានោះ រដ្ឋាភិបាលឥណ្ឌា ក៏បានបញ្ជា ឲ្យចេញជាសំណង ចំនួន ៣០០.០០០រូពី ស្មើនឹង ៣.០០០ដុល្លារ សម្រាប់អ្នកដែល បានស្លាប់ម្នាក់ អំឡុងពេល ពិធីបុណ្យ ឌូស័ររ៉ា ដែលពិធីមួយ ដែលឥណ្ឌា លើកឡើងថា ជាបុណ្យ សម្តែងការ អបអរ ជ័នជំនះ លើអំពើអាក្រក់ ។

សូមបញ្ជាក់ថា ការរត់ជាន់គ្នា បណ្តាលឲ្យស្លាប់ តែងតែកើតមាននៅ ក្នុងប្រទេស ឥណ្ឌា ហើយជារឿយៗ គឺកើតចេញ ពីពាក្យ ចចាមអារ៉ាម តែម្តង៕