Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សត្វ​ភេ​សមុទ្រ ​ប្រមាណ​ ៣៥០០០​ក្បាល​ រត់​ឡើង​គោក ​នៅតាមបណ្តោយ ឆ្នេរសមុទ្រមួយ នៃរដ្ឋ​អាឡាស្កា

  • បោះពុម្ព

អាមេរិក៖ មានសត្វភេសមុទ្រ ប្រមាណ ៣៥ ០០០ក្បាល កំពុងប្រមូលផ្តុំគ្នា នៅតាមបណ្តោយ ឆ្នេរសមុទ្រមួយ ក្នុងរដ្ឋអាឡាស្កា របស់សហរដ្ឋអាមេរិក។ មូលហេតុចម្បង ដែលបណ្តាលអោយ សត្វភេសមុទ្រទាំងនោះ មកផ្តុំគ្នា នៅអាឡាស្កា គឺបរិមាណទឹកកក នៅមហាសមុទ្រ អាកទិក រលាយខ្លាំងពេក ក្នុងកំឡុងរដូវក្តៅឆ្នាំនេះ។

ការប្រែប្រួលអាកាសធាតុ ពិសេសការឡើងកំដៅផែនដី ត្រូវបានគេសង្ស័យថា ជាដើមចម នៃហេតុការណ៍ ដ៏កម្រមួយនេះ។ អ្នកជំនាញ កំពុងព្រួយបារម្ភពី ជោគវាសនា របស់សត្វភេសមុទ្រ ទាំងនោះ។

វិទ្យាស្ថានភូគព្ភរូបវន្ត សហរដ្ឋអាមេរិក (Institut américain de Géophyisque) បានអោយដឹងថា ការរលាយទឹកកក ដ៏លឿនបែបនេះបានបណ្តាលអោយព ពួកសត្វភេសមុទ្រ ទាំងនោះ ពុំអាចរស់នៅសុខសាន្ត បានឡើយ។ កាលពីប៉ុន្មានថ្ងៃមុន គេសង្កេតឃើញមានសត្វភេសមុទ្រ ចំនួនប្រមាណតែ ១៥០០ ក្បាលប៉ុណ្ណោះ រត់ឡើងដីគោក នៅម្តុំតំបន់ Point Lay នាភាគពាយ័ព្យ នៃអាឡាស្កា។ ប៉ុន្តែក្នុងរយៈពេលតែ ៤ ថ្ងៃប៉ុណ្ណោះ ចំនួននេះបានកើនឡើង ទ្វេជាបួន ពោលគឺបានកើន រហូតទៅដល់ ៣ ៥០០០ ក្បាល។

 
អ្នកជំនាញ របស់ទីភ្នាក់ងារ សាគរសាស្រ្ត និងបរិយាកាស សហរដ្ឋអាមេរិក (Agence américaine océanographique et atmospérique) បានបញ្ជាក់អោយដឹងថា ស្ថាប័នរបស់ខ្លួន បានធ្វើការឃ្លាំមើលតាម ផ្លូវអាកាសជាប្រចាំ ដើម្បីតាមដាន ចលនាបំលាស់ទី របស់សត្វភេសមុទ្រ ទាំងនោះ។ ភាពមិនប្រក្រតីនេះ បណ្តាលមកពីកត្តាពីរគឺ ការឡើងកំដៅ បរិយាកាសផែនដី និងការថយចុះ ស្រទាប់ទឹកកក នៅតំបន់មហាសមុទ្រ អាកទិក។ ហេតុការណ៍នេះ បានធ្វើអោយ អ្នកវិទ្យាសាស្រ្ត ព្រួយបារម្ភយ៉ាងខ្លាំង ចំពោះជោគវាសនា របស់ជីវិតនៅលើផែនដី នាពេលអនាគត។
 
សំរាប់រដូវក្តៅឆ្នាំនេះ បរិមាណផ្ទាំងទឹកកក នៅមហាសមុទ្រអាកទិក បានថយចុះខ្លាំងជាង ពេលណា ទាំងអស់ ពោលគឺមានទំហំតែប្រមាណជា ៥ លានគីឡូម៉ែត្រការ៉េ ប៉ុណ្ណោះ។ បើប្រៀបធៀបកាលពីឆ្នាំ ១៩៧៩ ដល់ឆ្នាំ ២០១២ ទំហំនេះមានរហូតទៅ ដល់ជាង ៦ លានគីឡូម៉ែត្រការ៉េ។ នេះជាសញ្ញាបញ្ជាក់ អោយដឹងថា បរិស្ថាននៅតំបន់មហាសមុទ្រ ទឹកកកអាកទិក កំពុងជួបបញ្ហា ខ្លាំងប៉ះពាល់ ជីវិតរស់នៅ របស់សត្វ និងរុក្ខជាតិ។
 
ជាធម្មតា សត្វភេសមុទ្រនេះ មានទំលាប់រស់នៅលើ ផ្ទាំងទឹកក និងចុះទឹករាក់ដើម្បីស្វែងរក ចំណី។ ដោយសារតែ វាពុំអាចហែលទឹកជ្រៅបានយូរ ពពួកសត្វភេសមុទ្រនេះ ត្រូវការផ្ទាំងទឹកកក ដើម្បីសំរាកកាយ។ ប៉ុន្តែ នៅពេលដែលផ្ទាំងទឹកកក ឆាប់រលាយខ្លាំងពេកធ្វើអោយសត្វភេសមុទ្រ ត្រូវចុះទឹកជ្រៅ ដែលជាបញ្ហាពិបាក សំរាប់ពួកវា ក្នុងការស្វែងរកចំណី។ ដូច្នេះ សត្វទាំងនោះត្រូវ បង្ខំចិត្តរត់រកជម្រកនៅលើដីគោកវិញ ដើម្បីអាច រស់នៅក្បែរទឹករាក់បាន។
 
បើតាមអ្នកជំនាញ មកដល់ពេលនេះ គេពុំអាចដឹងថា ការផ្លាស់ប្តូរអាកប្បកិរិយា របស់សត្វភេសមុទ្រនេះ អាចប៉ះពាល់ដល់អាយុ ជីវិតរបស់ពួកវា ឬយ៉ាងណានោះទេ។ ប៉ុន្តែ សំរាប់កូនភេសមុទ្រវិញ ជីវិតរបស់ពួកវាអាចជួបបញ្ហា ព្រោះការរស់នៅលើ ដីគោកអាចធ្វើអោយពួកវាពុំសូវ មានកំលាំងក្នុង ការបំលាស់ទីស្វែងរក ចំណីបានឡើយ។ គិតមកដល់ពេលនេះ មានសត្វភេសមុទ្រចំនួន ៥០ ក្បាលបានស្លាប់ ដោយសារការកិន សង្កត់គ្នាពេលរត់ឡើង លើដីគោក។ ដើម្បីចៀសវាង កុំអោយសត្វភេទាំងនោះ មានអារម្មណ៍ភ័យខ្លាច រដ្ឋាភិបាលអាមេរិក បានសំរេចហាមយន្តហោះ និងឧទ្ធម្ភាគចក្រ កុំអោយហោះហើរ ក្នុងកំរិតទាប នៅលើទីតាំងនោះ ជាពិសេសប្រជាជនក្នុងតំបន់ ត្រូវបានហាមឃាត់ មិនអោយចូល ទៅទីកន្លែងនោះ៕

ប្រភព៖ វិទ្យុបារាំងអន្តរជាតិ