បណ្តាញសង្គម

បំណែក​កប៉ាល់​ ដែល​រក​ឃើញ​ នៅ​ក្បែរ​ប្រទេស​ហៃ​ទី​ មិន​មែន​ជា​កប៉ាល់​របស់​ លោក​ គ្រី​ស្ដុ​ប​កូ​ឡំ ​ទេ

ទ្វីបអាមេរិក៖ ក្រុមអ្នកជំនាញ របស់អង្គការសហប្រជាជាតិ បានធ្វើសេចក្តីសន្និដ្ឋាន ថាបំណែកកប៉ាល់ ដែលរកឃើញ នៅបាតសមុទ្រ ក្បែរប្រទេសហៃទី គឺមិនមែន ជាកប៉ាល់របស់ លោកគ្រីស្ដុបកូឡុំ ដែលធ្វើដំណើរ មករុករកទ្វីបអាមេរិកទេ ។

ការអះអាងនេះ គឺផ្ទុយស្រឡះ ទៅនឹងការសិក្សា របស់ក្រុមអ្នក បុរាណវត្ថុវិទ្យា នៅបាតសមុទ្រ របស់អាមេរិក ។ លោក Barry Clifford អ្នកជំនាញ ផ្នែកបុរាណវត្ថុវិទ្យា បានអះអាងកាលពី ខែមីនា ថា ខ្លួនបានរកឃើញ បំណែកកប៉ាល់ Santa Maria ដែលជាកប៉ាល់មួយក្នុងចំណោម កប៉ាល់ចំនួនបី ដែលក្រុមលោក គ្រីស្ដុបកូឡុំ បានប្រើធ្វើដំណើរ ឆ្លងកាត់មហាសមុទ្រ អាត្លង់ទិច និងបានលិចនៅឆ្នាំ១៤៩២ នៅភាគខាងជើង ឆ្នេររបស់ប្រទេសហៃទី ។

ភ្លាមៗនោះ ក្រុមការងារ របស់អង្គការ យូណេស្កូ ដែលជាផ្នែកមួយ នៃអង្គការ សហប្រជាជាតិ បានបញ្ជូន ក្រុមអ្នកជំនាញ របស់ខ្លួនទៅទីនោះ ភ្លាមដើម្បី សិក្សាថាតើបំណែក កប៉ាល់នោះ គឺពិតជាកប៉ាល់ របស់លោក គ្រីស្ដុបកូឡុំ មែនឬ យ៉ាងណា។

ក្រោយពីបាន សិក្សាលម្អិត រួចហើយ ក្រុមការងារ របស់អង្គការ យូណេស្កូ បានចេញសេចក្តី សន្និដ្ឋានថា បំណែក កប៉ាល់នោះគឺមិនមែនជា របស់ក្រុមការងារ លោក គ្រីស្ដុបកូឡុំ ដែលប្រើដើម្បី ធ្វើដំណើរឆ្លងកាត់ មហាសមុទ្រ អាត្លង់ទិច មករុករកទ្វីប អាមេរិកនោះទេ។របកគំហើញថ្មីនេះ ប្រហែលជាធ្វើឲ្យ ក្រុមអ្នកជំនាញ ផ្នែកបុរាណ វត្ថុវិទ្យា អាមេរិក មានការភ្លឺភ្នែកចំពោះ អ្វីដែលខ្លួនបាន អះអាងកាលពីដំបូងថា បំណែកកប៉ាល់នោះគឺ ជាកប៉ាល់របស់ ក្រុមការងាររបស់លោក គ្រីស្ដុបកូឡុំ៕

 

ដកស្រង់ពី៖ កម្ពុជាថ្មី