បណ្តាញសង្គម

ជប៉ុន ចិន និងកូរ៉េខាងត្បូងផ្អាកនាំចូលជ្រូកពីអាល្លឺម៉ង់ ដោយសារការផ្ទុះជំងឺប៉េសជ្រូកអាហ្វ្រិក (Video inside)

(តូក្យូ)៖ ប្រទេសជប៉ុនបានសម្រេចផ្អាកការនាំចូលសាច់ជ្រូក និងសត្វជ្រូក ពីប្រទេសអាល្លឺម៉ង់ជាបណ្ដោះអាសន្ន បន្ទាប់ពីមានការផ្ទុះវីរុសគ្រុនផ្ដាសាយជ្រូកអាហ្វ្រិក ឬជំងឺប៉េសជ្រូកអាហ្វ្រិក (ASF) ដែលត្រូវបានគេពិនិត្យឃើញ នៅក្នុងជ្រូកព្រៃមួយក្បាល ស្ថិតនៅភាគខាងកើតប្រទេសអាល្លឺម៉ង់។

នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅរសៀលថ្ងៃចន្ទ ទី១៤ ខែកញ្ញា ឆ្នាំ២០២០។

ការសម្រេចចិត្តខាងលើរបស់ក្រសួងកសិកម្មជប៉ុន ត្រូវបានធ្វើឡើងកាលពីចុងសប្ដាហ៍មុន ខណៈប្រទេសចិន និងកូរ៉េខាងត្បូងក៏បានហាមឃាត់ការនាំចូលបែបនេះដែរ បន្ទាប់ពីប្រទេសអាលឺ្លម៉ង់បានប្រកាស កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុននេះថា ជំងឺប៉េសជ្រូកអាហ្វ្រិកត្រូវបានគេរកឃើញ នៅក្នុងសត្វជ្រូកព្រៃមួយក្បាល ដែលបានងាប់នៅក្បែរព្រំដែនរវាងប្រទេសអាល្លឺម៉ង់ និងប្រទេសប៉ូឡូញ។

គួរជម្រាបថា បើតាមក្រសួងកសិកម្មជប៉ុន ការផ្អាកការនាំចូលសាច់ជ្រូក និងសត្វជ្រូកពីប្រទេសអាល្លឺម៉ង់ គឺមានគោលបំណងទប់ស្កាត់ជំងឺប៉េសជ្រូកអាហ្វ្រិក កុំឲ្យឆ្លងរាលដាលមកកាន់ប្រទេសរបស់ខ្លួន។ ជប៉ុននាំចូលសាច់ជ្រូក ៤០,២៤០តោនពីប្រទេសអាល្លឺម៉ង់កាលពីឆ្នាំ២០១៩ ឬស្មើនឹង ៣.៣ភាគរយនៃការនាំចូលសាច់សរុប ១.២លានតោន៕

ដកស្រង់ពី៖ Fresh News