មេដឹកនាំតៃវ៉ាន់សរសើរអ្នកបើកយន្តហោះចម្បាំងរបស់ខ្លួន ដែលបានហោះប្រដេញយន្តហោះចម្បាំងចិន
- សេចក្ដីលម្អិត
- ជំពូក៖ ព័ត៌មានអន្តរជាតិ
(តៃវ៉ាន់)៖ ប្រធានាធិបតីតៃវ៉ាន់លោកស្រី ត្សៃ អ៉ីងវិន (Tsai Ing-wen) បានកោតសរសើរយ៉ាងខ្លាំងដល់ «វីរភាព» របស់អាកាសយានិកយន្ដហោះចម្បាំងតៃវ៉ាន់ ដែលបានហោះដេញតាមស្ទាក់យន្ដហោះចម្បាំងចិន ដែលចូលមកក្នុងដែនអាកាស នៃដែនកោះមួយនេះ កាលពីប៉ុន្មានថ្ងៃមុន។
នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅរសៀលថ្ងៃអង្គារ ទី២២ ខែកញ្ញា ឆ្នាំ២០២០។ នៅក្នុងដំណើរទស្សនកិច្ចទៅកាន់ទីប្រជុំកោះ ប៉េងហ៊ូ (Penghu) ស្ថិតនៅក្នុងតំបន់ច្រកសមុទ្រតៃវ៉ាន់ លោកស្រី Tsai បានប្រាប់ក្រុមអាកាសយានិក និងវិស្វករថា លោកស្រីបានដឹងពីវីរភាពរបស់ពួកគេ នៅពេលហោះតាមស្ទាក់ និងបណ្ដេញយន្ដហោះចម្បាំងចិន ឱ្យចេញពីដែនអាកាសតៃវ៉ាន់។
លោកស្រីប្រធានាធិបតីបានគូសបញ្ជាក់បន្ថែមដូច្នេះថា «ខ្ញុំពិតជាមានទំនុកចិត្តយ៉ាងខ្លាំងលើអ្នកទាំងអស់គ្នា។ គួរបញ្ជាក់តាមក្រសួងការពារជាតិតៃវ៉ាន់ កាលពីចុងសប្ដាហ៍កន្លងទៅបានឲ្យដឹងថា យន្ដហោះចម្បាំងចិនសរុបចំនួន ១៩គ្រឿងបានហោះក្បែរកោះតៃវ៉ាន់ ដោយយន្ដហោះចម្បាំងខ្លះបានហោះកាត់ខ្សែស្របពាក់កណ្តាល នៃចក្រសមុទ្រតៃវ៉ាន់ថែមទៀតផង ហើយមួយចំនួនទៀតបានហោះកាត់តំបន់ការពារដែនអាកាស នៅឆ្នេរសមុទ្រភាគនិរតីរបស់កោះតៃវ៉ាន់។
សកម្មភាពយន្ដហោះចម្បាំងចិនទាំងនេះ គឺជាការបង្ហាញការខឹងសម្បារយ៉ាងខ្លាំងរបស់ទីក្រុងប៉េកាំង ចំពោះដំណើរទស្សនកិច្ច នៃមន្ត្រីជាន់ខ្ពស់សហរដ្ឋអាមេរិក ទទួលបន្ទុកកិច្ចការសេដ្ឋកិច្ចលោក ខេត ក្រេច (Keith Krach) បានមកដល់ទីក្រុងតៃប៉ិ កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុន និងមួយថ្ងៃបន្ទាប់ប្រទេសចិនបានប្រកាសថា ខ្លួននឹងធ្វើសមយុទ្ធប្រយុទ្ធយោធា នៅជិតច្រកសមុទ្រតៃវ៉ាន់ ដើម្បីឆ្លើយតបទៅនឹងសកម្មភាពរបស់សហរដ្ឋអាមេរិកនៅក្នុងតំបន់៕
ដកស្រង់ពី៖ Fresh News