បណ្តាញសង្គម

អ​.​ស​.​ប ថាមនុស្ស​រាប់​ពាន់នាក់ ​ប្រហែលជា ​នឹង​ត្រូវ​សម្លាប់​រង្គាល​ ប្រសិនបើពួក​ជី​ហាដ ​ដណ្តើម​បាន​ក្រុង​កូ​បា​នី

បេសកជន អ.ស.ប ម្នាក់បាននិយាយ នៅថ្ងៃសុក្រថា ប្រជាជន រាប់ពាន់នាក់ ប្រហែលជានឹង ត្រូវគេសម្លាប់រង្គាល ប្រសិនបើទីក្រុង កូបានី ធ្លាក់ទៅក្នុងដៃ របស់ពួកយុទ្ធជន រដ្ឋអ៊ីស្លាមនោះ ព្រោះថា ពួកសកម្មប្រយុទ្ធ បានប្រយុទ្ធ ចូលកាន់តែជ្រៅ ទៅក្នុងទីក្រុង ឃើដរបស់ស៊ីរី ដែលត្រូវ ឡោមព័ទ្ធ ដែលរថក្រោះ ទួរគី មើលឃើញ យ៉ាងច្បាស់ ដោយមិនបាន ធ្វើអន្តរាគមន៍ អ្វីទាំងអស់នោះ។

បេសកជន អ.ស.ប លោក ស្តាហ្វហ្វាន់ ឌើ មីសទូរ៉ា (Mistura) និយាយថា ក្រុងកូបានី អាចទទួលវាសនា ដូចគ្នាដូច ទីក្រុង ស្រេនេប្រ៊ីការបស់ បូស្នៀជា កន្លែងដែលពួក មូស្លីម ៨០០០នាក់ ត្រូវបានពួកស៊ីប សម្លាប់ នៅក្នុងឆ្នាំ១៩៩៥ ដែលជាអំពើ ឃោរឃៅ បំផុតនៅអឺរ៉ុប ចាប់តាំង ពីសង្គ្រាមលោក លើកទី២មក ក្នុងខណៈពេលកងទ័ព រក្សាសន្តិភាព អ.ស.ប មិនបានការពារពួកគេនោះ។

លោក ឌើ មីសទូរ៉ា និយាយថា "ប្រសិនបើ ទីក្រុងនេះ ធ្លាក់ទៅក្នុងដៃ របស់ពួកសកម្មប្រយុទ្ធ មនុស្ស៧០០នាក់ បូកជាមួយ ប្រជាជនប្រហែល ១២០០០នាក់ ដោយឡែក ពីពួកយុទ្ធជននោះ ប្រហែលជា នឹងត្រូវគេសម្លាប់រង្គាល"។ អ.ស.ប ជឿថា ជនស៊ីវិល ៧០០នាក់ ដែលភាគច្រើន ជាមនុស្សចាស់នោះ បានជាប់នៅក្នុងទីក្រុង ហើយ ១២.០០០នាក់ បានចាកចេញ ពីមជ្ឈមណ្ឌលនោះ ប៉ុន្តែមិនបានឆ្លងកាត់ព្រំដែន ចូលទៅក្នុងប្រទេស ទូរគីទេ។

លោកឌើ មីសទូរ៉ា បេសកជន សន្តិសុខរបស់ អ.ស.ប ប្រចាំប្រទេស ស៊ីរី និយាយថា "តើលោក នឹកឃើញទីក្រុង ស្រេនេប្រ៊ីកាទេ? យើងប្រាកដ ជានឹកឃើញ។ យើងមិនភ្លេចទេ ហើយប្រហែលជា មិនលើកលែងទោស ឲ្យខ្លួនយើងដែរ"។ "នៅពេលមាន ការគំរាមមួយដែល ជិតកើតមានឡើង ចំពោះប្រជាជនស៊ីវិលនោះ យើងមិនអាច និងមិនត្រូវនៅ ស្ងៀមនោះទេ"។

ការប្រយុទ្ធ គ្នាដ៏ខ្លាំងក្លា រវាងពួកយុទ្ធជនរដ្ឋ អ៊ីស្លាម និងកងកម្លាំង ឃើដ ដែលមានកាំភ្លើង អន់ជាង នៅតាមដងផ្លូវ នៃទីក្រុងកូបានី នោះគេអាចស្តាប់ ឮ ពីព្រំដែន ដែលនៅទល់មុខ។ យន្តហោះ ចម្បាំងលាន់ឮ រំពងនៅពីលើ ហើយនៅចុងខាងលិច ទីក្រុងទទួលរងការវាយប្រហារ ពីអាកាស ប្រហែលជា យន្តហោះ របស់ក្រុមចម្រុះ ដឹកនាំដោយស.រ.អា។

ប៉ុន្តែទោះបីជា ស.រ.អា បានបង្កើន ការទម្លាក់គ្រាប់បែក របស់ខ្លួនទៅ លើគោលដៅ របស់រដ្ឋ អ៊ីស្លាម នៅក្នុងតំបន់នោះ ក៏ដោយក៏ខ្លួនបានទទួលស្គាល់ ផងដែរថា ការគាំទ្រតាម អាកាសរបស់ខ្លួន ប្រហែលជា មិនអាចជួយកុំឲ្យ ទីក្រុងនោះ ធ្លាក់ទៅក្នុងដៃ របស់ពួកសកម្មយុទ្ធបានទេ៕

ដកស្រង់ពី៖ កម្ពុជាថ្មី