បណ្តាញសង្គម

ប៉ូលិសថៃចាប់ខ្លួនសកម្មជននយោបាយ ជាច្រើននាក់ទៀតដែលមានផែនការធ្វើ «បាតុកម្មទ្រង់ទ្រាយធំ» នៅទីក្រុងបាងកក

  (បាងកក)៖ ប៉ូលិសនៅក្នុងប្រទេសថៃ បានចាប់ខ្លួនសកម្មជននយោបាយជាច្រើននាក់ ដែលមានគម្រោងបោះតង់នៅឯទីលាន សម្រាប់ការធ្វើបាតុកម្មតវ៉ាទ្រង់ទ្រាយធំមួយ ដែលត្រូវបានគ្រោងធ្វើឡើង នៅថ្ងៃពុធនេះ។

នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃពុធ ទី១៤ ខែតុលា ឆ្នាំ២០២០។ ការចាប់ខ្លួនសកម្មជននយោបាយខាងលើនេះ ត្រូវបានធ្វើឡើងកាលពីថ្ងៃអង្គារម្សិលមិញ បន្ទាប់ពីប៉ូលិសថៃបានចាប់ផ្ដើមរុះរើតង់របស់ក្រុមបាតុករ ដែលបានធ្វើដំណើរមកពីតាមខេត្តនានា មកកាន់ទីក្រុង បាងកក។

កំឡុងប្រតិបត្តិការរុះរើតង់នេះ ក៏មានការប៉ះទង្គិចគ្នាផងដែររវាងក្រុមបាតុករ និងប៉ូលិសដែលបានអះអាងថា ពួកគេបានស្នើឱ្យរុះរើតង់តែក្រុមបាតុករមិនព្រម។

គួរបញ្ជាក់ថា មកទល់ពេលនេះមិនទាន់មានការបញ្ជាក់ថា តើបាតុករប៉ុន្មាននាក់ត្រូវបានឃាត់ខ្លួន កាលពីថ្ងៃអង្គារម្សិលមិញនោះទេ ខណៈក្រុមបាតុករផ្សេងៗទៀត គ្រោងនឹងធ្វើបាតុកម្មទ្រង់ទ្រាយធំ ក្នុងទីក្រុងបាងកកនៅថ្ងៃពុធនេះ ដើម្បីទាមទារឱ្យមានកំណែទម្រង់នៃរដ្ឋាភិបាល និងលោកនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់អូចា ចុះចេញពីតំណែង ស្របពេលដែលបាតុករខ្លះទៀត បានស្រែកទាមទារឱ្យមានការកែទម្រង់ របបរាជានិយមថៃបច្ចុប្បន្ន ដែលពួកគេយល់ថា បានផ្ដល់អំណាចហួសហេតុដល់ព្រះមហាក្សត្រ៕

ដកស្រង់ពី៖ Fresh News