អ្នកនាំពាក្យក្រសួងមហាផ្ទៃ បាននិយាយកាលពីថ្ងៃអាទិត្យថា ចំនួនមនុស្សដែលបានបាត់បង់ជីវិត ដោយការវាយប្រហារអត្តឃាត ក្នុងប្រទេសអាហ្វហ្គានីស្ថាន បានកើនឡើងដល់ ២៤ នាក់ហើយ។
នៅក្នុងកិច្ចសន្ទនាជាមួយស៊ីនហួរ-ចិន កាលពីថ្ងៃអាទិត្យ មន្ត្រីរូបនោះ បានបញ្ជាក់ថា មនុស្ស ២៤ នាក់ បានស្លាប់ និង ៥៧ នាក់ផ្សេងទៀត បានរងរបួសដោយសារការវាយប្រហារអត្តឃាត ដែលបានផ្តោតលើតំបន់ Kowsar-e-Danish ដែលជាមជ្ឈមណ្ឌលអប់រំឯកជន នៅភាគខាងលិចនៃទីក្រុងកាប៊ុល កាលពីរសៀលថ្ងៃសៅរ៍។ ជនរងគ្រោះទាំងអស់ គឺជាជនស៊ីវិល។
របាយការណ៍បឋម បានបញ្ជាក់ថា មានមនុស្សត្រឹម ១១ នាក់ បានស្លាប់ និង ២០ នាក់ រងរបួសទេ។ ក្រុមរដ្ឋអ៊ីស្លាម បានប្រកាសទទួលខុសត្រូវចំពោះការវាយប្រហារនេះ។