បណ្តាញសង្គម

អ្វីដែលអឺរ៉ុប និងអាមេរិកកំពុងព្យាយាមធ្វើ គ្រាន់តែជាការបង្អាក់ ការអភិវឌ្ឍរបស់រុស្ស៊ីប៉ុណ្ណោះ, នេះបើតាមសម្តីលោក Sergey Lavrov

 (ម៉ូស្គូ)៖ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក សឺហ្គៃ ឡាវរ៉ូវ (Sergey Lavrov) បាននិយាយថា សហរដ្ឋអាមេរិក និងបណ្ដាប្រទេសអឺរ៉ុបមួយចំនួន កំពុងបង្កើនកិច្ចខិតខំប្រឹងប្រែងទ្វេដងរបស់ពួកគេ ដើម្បីរារាំងការអភិវឌ្ឍរបស់រុស្ស៊ី តាមរយៈការគំរាមដាក់ទណ្ឌកម្មសេដ្ឋកិច្ច។

នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Sputnik នៅព្រឹកថ្ងៃអង្គារ ទី២៧ ខែតុលា ឆ្នាំ២០២០។

លោក Sergey Lavrov ធ្វើការកត់សម្គាល់បែបនេះ ក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មានក្រូអាត វែសិនជីលីសត៍ (Vecernji List) នៅក្នុងសប្ដាហ៍នេះ ដោយលោកចង់សំដៅទៅលើការគំរាមដាក់ ទណ្ឌកម្មថ្មីមួយលើទីក្រុងម៉ូស្គូ ពីសំណាក់សហរដ្ឋអាមេរិក និងប្រទេសអឺរ៉ុបខាងលិច ជុំវិញការប៉ុនប៉ងដាក់ថ្នាំបំពុលសម្លាប់មេបក្សប្រឆាំងរុស្ស៊ីលោក ណាវ៉ាល់នី (Navalny)។

នាឱកាសនោះ ប្រមុខការទូតរុស្ស៊ីក៏បានចោទប្រកាន់ផងដែរថា ការដាក់ទណ្ឌកម្មដោយគ្មានភស្តុតាង និងគ្មានមូលដ្ឋាន គឺជាការរារាំងការអភិវឌ្ឍរបស់រុស្ស៊ី និងជាការគាំទ្រឱ្យមានគំនិតស្អប់ ប្រឆាំងនឹងទីក្រុងម៉ូស្គូតែប៉ុណ្ណោះ។

គួរជម្រាបថា មេបក្សប្រឆាំងរុស្ស៊ី លោក Navalny ត្រូវបានប្រទេសមួយចំនួននៅអឺរ៉ុប និងសហរដ្ឋអាមេរិកផងដែរសង្ស័យថា ត្រូវគេព្យាយាមបំពុលសម្លាប់ដោយសារធាតុគីមីពុល ណូវីឆុក (Novichok) ក្នុងតំបន់ស៊ីបេរីប្រទេសរុស្ស៊ី កាលពីខែសីហាកន្លងទៅ ហើយបច្ចុប្បន្នលោក Navalny បានចាកចេញពីមន្ទីរពេទ្យក្នុងទីក្រុងប៊ែរឡាំង ប្រទេសអាល្លឺម៉ង់ហើយ ក្រោយសម្រាកព្យាបាលអស់ជាច្រើនថ្ងៃ។

អាល្លឺម៉ង់ និងអង់គ្លេស រួមទាំងអាមេរិកបានព្រមានថា នឹងដាក់ទណ្ឌកម្មលើរុស្ស៊ី ប្រសិនបើទីក្រុងម៉ូស្គូជាអ្នកស្ថិតនៅពីក្រោយករណីមួយនេះ៕

ដកស្រង់ពី៖ Fresh News