បណ្តាញសង្គម

បំផ្ទុះគ្រាប់បែក អត្តឃាត នៅប៉ាគីស្ថាន ស្លាប់ ៥៥នាក់ ខណៈ ១១៨ទៀតនាក់ រងរបួសធ្ងន់ស្រាល

អ៊ីស្លាម៉ាដ៖ ប៉ូលីស អាហ្វហ្គានីស្ថាន បាននិយាយថា យ៉ាងហោចណាស់មនុស្ស ៥៥នាក់បានស្លាប់ និង១១៨នាក់ ផ្សេងទៀតរបួស ក្រោយហេតុការណ៍ បំផ្ទុះគ្រាប់បែក អត្តឃាត ពីសំណាក់បុរសម្នាក់ នៅតំបន់វ៉ាហ្គា ភាគខាងកើតទី ក្រុងឡាហ័រ ដែលជាកន្លែង ឆ្លងកាត់ព្រំដែន រវាងប៉ាគីស្ថាន និងឥណ្ឌា ។

ទីភ្នាក់ងារព័ត៌មាន ចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃចន្ទ ទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៤ ដោយផ្អែកតាម ការលើកឡើង របស់អធិការ ប៉ូលីសខេត្តពុនចាប់ លោក មូសតាក់ អាម៉េដ ស៊ុកហឺរ៉ា ថា ចំនួនអ្នកស្លាប់ ដោយសារ ការវាយប្រហារ នេះ បានកើនឡើងដល់ ៥៥នាក់។

ចំណែកអគ្គនាយកផ្នែក យាមល្បាតគឺលោក តាហ៊ី ចាវខាន់ បាននិយាយថា ការវាយប្រហារនេះ បានកើតឡើងនៅ ពេល ដែលបុរសម្នាក់ មានគ្រាប់បែក នៅក្នុងអាវក្រៅ បានដើរចូល នៅក្នុងហ្វូងមនុស្សជាង ២០០នាក់ បន្ទាប់ពីអ្នក ទំាងនោះ វិលត្រឡប់មកពី ចូលរួមពិធីមួយ ដោយនាំគ្នាឆ្លងកាត់ តំបន់ព្រំដែន វ៉ាហ្គានេះ។

ក្នុងចំណោម អ្នកស្លាប់ទំាង ៥៥នាក់នោះ គឺមានស្រ្តីចំនួន ១១នាក់ ក្មេង ០៧នាក់ និងក្រុមល្បាត ០៣នាក់។ នេះបើតាមប្រភព ពីមន្ទីរពេទ្យ។ យោងតាមប្រធានអង្គភាព ល្បាតរបស់ប៉ាគីស្ថាន បានឲ្យដឹងថា វាយប្រហារនេះ បានកើតឡើង កាលពីវេលាម៉ោង ៥ និង៥០នាទីល្ងាច ម៉ោងក្នុងតំបន់ នៅខាងក្រៅ ភោជនីយដ្ឋានមួយ ដែលមានចម្ងាយ ប្រមាណ ៥០០ម៉ែត្រ ពីច្រកទ្វារទីមួយសម្រាប់ ប្រារព្ធពិធី ៕

ដកស្រង់ពី៖ ដើមអម្ពិល