Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ចិននឹងកត់ឈ្មោះ ក្រុមអ្នកគាំទ្រឯករាជ្យភាពកោះតៃវ៉ាន់ ទៅក្នុងបញ្ជីខ្មៅ

  • បោះពុម្ព

 (ប៉េកាំង)៖ រដ្ឋាភិបាលចិនបានឲ្យដឹងនៅថ្ងៃពុធនេះថា ប្រទេសចិនកំពុងពិចារណាលើការ ដាក់អ្នកគាំទ្រឯករាជ្យភាពរបស់កោះតៃវ៉ាន់ «ទៅក្នុងបញ្ជីខ្មៅ» ដែលជាសកម្មភាពមួយបង្ហាញឲ្យឃើញថា រដ្ឋាភិបាលទីក្រុងប៉េកាំង បាននិងកំពុងចាត់វិធានការស្របច្បាប់ ប្រឆាំងនឹងរដ្ឋាភិបាលប្រធានាធិបតីកោះតៃវ៉ាន់ លោកស្រី ត្សៃ អ៉ីងវិន (Tsai Ing-wen)។

នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅរសៀលថ្ងៃពុធ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០។ កោះតៃវ៉ាន់ បានថ្កោលទោសចំពោះផែនការខាងលើនេះ បន្ទាប់ពីកាសែត តា គុង ប៉ាវ (Ta Kung Pao) ដែលមានមូលដ្ឋាននៅទីក្រុងហុងកុង បានរាយការណ៍ជាលើកដំបូងនៅក្នុងខែវិច្ឆិកានេះ។ កាសែតដែលគាំទ្រដោយរដ្ឋាភិបាលចិន Global Times បានចេញផ្សាយថា បញ្ជីឈ្មោះនេះអាចរាប់បញ្ចូល ទាំងមន្ត្រីជាន់ខ្ពស់របស់កោះតៃវ៉ាន់ផងដែរ។

ដោយយោងលើច្បាប់អន្តរជាតិ ប្រទេសចិនបានអះអាងថា កោះតៃវ៉ាន់ត្រឹមតែជាខេត្តមួយរបស់ខ្លួនប៉ុណ្ណោះ ប៉ុន្តែរដ្ឋាភិបាលកោះតៃវ៉ាន់តែងតែគិតជានិច្ចថា ខ្លួនជាប្រទេសឯករាជ្យដែលមានឈ្មោះផ្លូវការថា សាធារណរដ្ឋចិន។

អ្នកនាំពាក្យការិយាល័យទទួលបន្ទុក កិច្ចការកោះតៃវ៉ាន់ ចំណុះឱ្យក្រុមប្រឹក្សារដ្ឋចិន លោកស្រី ជូ ហ្វឹងលៀន (Zhu Fenglian) បានគូសបញ្ជាក់ថា «បញ្ជីឈ្មោះក្រុមអ្នកបំបែកខ្លួននៅកោះតៃវ៉ាន់ ដែលឥឡូវនេះកំពុងស្ថិតក្រោមការពិចារណានោះ គឺមានគោលបំណងតែទៅលើ ក្រុមអ្នកគាំទ្រឯករាជ្យភាពរបស់កោះតៃវ៉ាន់ មួយចំនួនតូចប៉ុណ្ណោះ និងក្រុមអ្នកផ្តល់មូលនិធិគាំទ្រដល់ពួកគេ»។

លោកស្រី Zhu បានគូសបញ្ជាក់បន្ថែម ប្រាប់សន្និសីទសារព័ត៌មាន នៅទីក្រុងប៉េកាំងថា «វាពិតជាមិនមានគោលបំណងទៅលើជនរួមជាតិ នៃកោះតៃវ៉ាន់ភាគច្រើននោះទេ»។

គួរបញ្ជាក់ថា ការផ្លាស់ប្តូរនេះត្រូវបានធ្វើឡើង បន្ទាប់ពីទីក្រុងប៉េកាំងបានដាក់ចេញនូវ «ច្បាប់សន្តិសុខជាតិថ្មី» សម្រាប់ទីក្រុងហុងកុង កាលពីខែកក្កដាកន្លងទៅនេះ ដែលអ្នកល្មើសនឹងត្រូវជាប់ពន្ធនាគារអស់មួយជីវិត ចំពោះបទឧក្រិដ្ឋនៃការបំបែកខ្លួន ការធ្វើវិទ្ធង្សនា ការធ្វើភេរវកម្ម និងការគប់គិតជាមួយកងកម្លាំងបរទេសជាដើម៕

ដកស្រង់ពី៖ Fresh News