បណ្តាញសង្គម

មេដឹកនាំអាស៊ាន ផ្ដោតសំខាន់លើបញ្ហា ពួកឧទ្ទាម រដ្ឋអ៊ីស្លាម ជំងឺអេបូទ្បា និង សមុទ្រចិនខាងត្បូង

ណៃពិដោ៖ មេដឹកនាំ នៃសមាគមប្រជាជាតិ អាស៊ីអាគ្នេយ៍ ហៅកាត់ថា អាស៊ាន បានបញ្ជាក់ ក្នុងកិច្ចប្រជុំកំពូល អាស៊ាននៅថ្ងៃពុធនេះ ក្នុងទីក្រុងណៃពិដោ ប្រទេសមីយ៉ាន់ម៉ាថា ពួកយើង បានផោ្ដតសំខាន់ ទៅលើការឆ្លើយតបនឹង បញ្ហាប្រឈមជាបន្ទាន់ ដូចជា ការអុកឡុករបស់ ពួកឧទ្ទាមរដ្ឋអ៊ីស្លាម នៅប្រទេសអ៊ីរ៉ាក់ និងស៊ីរី ព្រមទាំង វីរុសអេបូទ្បា ក្នុងប្រទេស អាហ្រ្វិកខាងលិច រួមទាំង ជម្លោះនៅសមុទ្រចិនខាងត្បូង ផងដែរ ។

តាមសារព័ត៌មាន ជប៉ុនក្យូដូ ចេញផ្សាយ នៅថ្ងៃពុធ ទី១២ ខែវិច្ឆិកា ឆ្នាំ២០១៤ ឲ្យដឹងថា មេដឹកនាំអាស៊ាន នឹងពិភា ក្សាអំពីជំហាន នៃការបង្កើតសមាគមអាស៊ាន រួមបញ្ចូលគ្នាបន្ថែមទៀត នៅឆ្នាំក្រោយ ដែលជាចក្ខុវិស័យ ដ៏កាន់តែ ប្រសើរក្នុងការពង្រឹងស្ថាប័នអាស៊ាននេះ ។

ព្រមជាមួយនឹងការសរសើរ នូវកំណើនរបស់អាស៊ាន ចំនួន ៥ភាគរយនោះ ប្រធានាធិបតី មីយ៉ាន់ម៉ា លោក យូ ធេន សេន ក៏បានព្យាករណ៍ថា នឹងកាន់តែរីកចម្រើនបន្ថែមទៀត ក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខនេះ ។

លោក ធេនសេន បន្ថែមទៀតថា ចំពោះគ្រោះមហន្ដរាយធម្មជាតិ និងកត្ដាផ្សេងៗក្រៅខាងពីនេះទៀត ជាពិសេស ការរីករាលដាលយ៉ាងសាហាវ នៃវីរុសអេបូទ្បា ដែលជាមេរោគមួយ គួរឲ្យភ័យខ្លាចខ្លាំងបំផុត នៅលើពិភពលោក។

លោកបានបញ្ជាក់បន្ថែមទៀតថា សមាគមអាស៊ាន នៅក្នុងឆ្នាំ២០១៥ ខាងមុខនេះនឹង ជាការចាប់ផ្ដើមថ្មីមួយ សម្រាប់ អាស៊ាន ដោយអំពាវនាវឲ្យមានការសាមគ្គីគ្នាកាន់ស្អិតរមួត និងការធ្វើសមាហរណកម្ម ដ៏មានប្រសិទ្ធិភាព ដើម្បីពង្រឹង កិច្ចសហប្រតិបត្ដិការ ឲ្យកាន់តែប្រើសើរឡើងជាងមុននោះ។ ប្រការនេះបានសរបញ្ជាក់ឲ្យឃើញថា អាស៊ានមានភាព សាមគ្គីកាន់តែរឹងមាំ រួមទាំងមានការប្រកួតប្រជែងកាន់តែច្រើនឆ្ពោះទៅរក សហគមន៍អាស៊ាន ៕