Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

មូលដ្ឋានទ័ពដ៏សំខាន់របស់អាមេរិក-NATO នៅអាហ្វហ្គានីស្ថាន រងការវាយប្រហារដោយគ្រាប់រ៉ុក្កែត

  • បោះពុម្ព

 (កាប៊ុល)៖ អាជ្ញាធរអាហ្វហ្គានីស្ថាន បានឱ្យដឹងនៅថ្ងៃសៅរ៍នេះថា ក្រុមសកម្មប្រយុទ្ធបានបាញ់គ្រាប់រ៉ុក្កែតជាច្រើនគ្រាប់ ទៅលើមូលដ្ឋានទ័ពដ៏សំខាន់មួយ របស់កងកម្លាំងអង្គការ NATO ដឹកនាំដោយសហរដ្ឋអាមេរិក នៅក្នុងស្រុក បាក្រាម (Bagram) នៃខេត្ត ផាវ៉ាន (Parwan) ស្ថិតនៅភាគខាងជើងរដ្ឋធានីកាប៊ុល។

នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅរសៀលថ្ងៃសៅរ៍ ទី១៩ ខែធ្នូ ឆ្នាំ២០២០។ ភ្លាមៗបែបនេះ មិនទាន់មានសេចក្ដីរាយការណ៍ពីការខូចខាត ឬក៏មនុស្សរងគ្រោះថ្នាក់ឡើយ។

លោកស្រី វ៉ាហ៊ីដា ហ្សាហ៍ការ (Wahida Shahkar) អ្នកនាំពាក្យអាជ្ញាធរប្រចាំខេត្ត Parwan បានបញ្ជាក់ថា ក្រុមសកម្មប្រយុទ្ធបានបាញ់រ៉ុក្កែតយ៉ាងហោច ១២គ្រាប់ ក្នុងនោះមាន ០៥គ្រាប់ បានធ្លាក់ចូលព្រលានយន្ដហោះនៃមូលដ្ឋានទ័ព Bagram ខណៈ ០៧គ្រាប់ទៀតបាញ់មិនចំគោលដៅ និងត្រូវបាន បាញ់ស្ទាក់ដោយកងកម្លាំងសន្តិសុខអាហ្វហ្គានីស្ថាន។

លោកស្រី Wahida បានបញ្ជាក់បន្ថែមថា គ្រាប់រ៉ុក្កែត ០៥គ្រាប់ ដែលធ្លាក់ចូលបរិវេណមូលដ្ឋានទ័ព Bagram ត្រូវបានបាញ់ចេញពីរថយន្ដធុនធ្ងន់មួយគ្រឿង ដែលត្រូវបានចតចោលនៅក្នុងតំបន់ កាឡានដា ឃីល (Qalandar Khil) នៃស្រុក Bagram កាលពីវេលាម៉ោង ៥៖៥០នាទីព្រឹកថ្ងៃសៅរ៍នេះ (ម៉ោងក្នុងតំបន់)។

គួរបញ្ជាក់ថា ព្រលានយន្ដហោះនៃមូលដ្ឋានទ័ព Bagram ស្ថិតនៅចំងាយតែ ៥០គីឡូម៉ែត្រប៉ុណ្ណោះពីទីក្រុងកាប៊ុល និងត្រូវបានកងទ័ពអាមេរិក និង NATO ប្រើប្រាស់មូលដ្ឋានទ័ពដ៏សំខាន់មួយ ក្នុងប្រទេសអាហ្វហ្គានីស្ថាន អស់រយៈពេល ១៩ឆ្នាំមកហើយ។ មកទល់នឹងពេលនេះ មិនទាន់មានក្រុមអ្នកណាមួយ ចេញមុខទទួលខុសត្រូវលើការវាយប្រហារនេះទេ តែជារឿយៗអាជ្ញាធរអាហ្វាហ្គានីស្ថាន តែងតែងដាក់ការសង្ស័យលើក្រុមតាលីបង់៕

ដកស្រង់ពី៖ Fresh News