Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អតីតនាយករដ្ឋមន្ត្រីជប៉ុនលោក អាបេ ស្ម័គ្រចិត្តចូលរួមក្នុងការសួរចម្លើយ ពីសំណាក់ព្រះរាជអាជ្ញាទីក្រុងតូក្យូ

  • បោះពុម្ព

(តូក្យូ)៖ អតីតនាយករដ្ឋមន្ត្រីជប៉ុន លោក អាបេ ស៊ីនហ្សូ បានចូលរួមដោយស្ម័គ្រចិត្ត ក្នុងការសួរចម្លើយរបស់ព្រះរាជអាជ្ញាទីក្រុងតូក្យូ កាលពីថ្ងៃចន្ទសប្ដាហ៍នេះ ពាក់ព័ន្ធនឹងការបិទបាំងមូលនិធិ សម្រាប់ធ្វើសកម្មភាពនយោបាយ។

នេះបើតាមការចេញផ្សាយ ដោយទូរទស្សន៍ជប៉ុន NHK នៅរសៀលថ្ងៃអង្គារ ទី២២ ខែធ្នូ ឆ្នាំ២០២០។ លោក អាបេ ដែលបានលាលែងពីតំណែងនាយករដ្ឋមន្ត្រីជប៉ុន កាលពីខែកញ្ញាកន្លងទៅ ដោយសារបញ្ហាសុខភាពនោះ កំពុងទទួលរងការរិះគន់ ក្រោយមានការចោទប្រកាន់ការិយាល័យ និងមនុស្សជំនិតរបស់លោកថា មានជាប់ពាក់ព័ន្ធទៅ នឹងការបិទបាំងខ្ទង់ចំណាយ លើការរៀបចំអាហារពេលល្ងាច សម្រាប់អ្នកគាំទ្រគណបក្សរបស់លោក ដែលនេះអាចជាទង្វើបំពាន ទៅលើច្បាប់ស្ដីពីការគ្រប់គ្រង មូលនិធិសម្រាប់ធ្វើសកម្មភាពនយោបាយ ដែលលោក អាបេ ផ្ទាល់ធ្លាប់បានបដិសេធ កាលពីកំឡុងពេលផ្ដល់សក្ខីកម្ម ចំពោះមុខសភាជាតិកាលពីឆ្នាំ២០១៩។

ក្រុមព្រះរាជអាជ្ញាជប៉ុន បានចោទប្រកាន់ការិយាល័យ និងលេខារបស់លោក អាបេ ថាបានលាក់បាំងលើការចំណាយប្រាក់ជាង ៤០លានយ៉េន ឬស្មើនឹង ៣៨៦,៩២២ដុល្លារអាមេរិក ហើយបានស្នើសុំឱ្យលោក អាបេ បង្ហាញខ្លួនដោយស្ម័គ្រចិត្ត នៅក្នុងការសួរចម្លើយ។

ទោះជាយ៉ាងណា ព្រះរាជអាជ្ញាជប៉ុនមិនបានធ្វើអត្ថាធិប្បាយអ្វី ទៅនឹងការស៊ើបអង្កេត ឬការចេញផ្សាយរបស់ NHK នៅឡើយទេ ខណៈការិយាល័យលោក អាបេ ក៏មិនទាន់បានបកស្រាយអ្វីដែរ។

គួរបញ្ជាក់ថា សំណុំរឿងខាងលើក៏កំពុងធ្វើឱ្យប៉ះពាល់ដល់ ប្រជាប្រិយភាពរបស់នាយករដ្ឋមន្ត្រីជប៉ុនបច្ចុប្បន្ន គឺលោក ស៊ូហ្គា យ៉ូស៊ីហ៊ីដេ (Suga Yoshihide) ផងដែរ ដោយសារតែលោកធ្លាប់ជាស្ដាំម្នាក់របស់ លោក អាបេ ចាប់ពីឆ្នាំ២០១២ ដល់ឆ្នាំ២០២០ ស្របពេលប្រជាប្រិយភាពរបស់លោក Suga កំពុងរងផលប៉ះពាលស្រាប់ ដោយសារការដោះស្រាយវិបត្តិ COVID-19៕

ដកស្រង់ពី៖ Fresh News