បណ្តាញសង្គម

រថភ្លើង បុករថយន្តដឹក សិស្សសាលា នៅឥណ្ឌា, ស្លាប់ និង របួស ៣០នាក់

ញូដេលី ៖ យ៉ាងហោចណាស់ កុមារ ៥នាក់បានស្លាប់ និង ២៥នាក់ផ្សេងទៀត ទទួលរងរបួស បន្ទាប់ពី រថភ្លើងដឹកអ្នកដំណើរ មួយខ្សែ បានបុក ចំកណ្តាលរថយន្តក្រុង ដឹកក្មេងៗ សិស្សមួយ គ្រឿង ស្ថិតនៅ តំបន់មួយ ក្នុងរដ្ឋ យូតតា ប្រាដែស ភាគខាងជើង ប្រទេសឥណ្ឌា នៅថ្ងៃព្រហស្បតិ៍ ទី០៤ ខែធ្នូ ឆ្នាំ ២០១៤ នេះតែម្តង។

ទីភ្នាក់ងារ ព័ត៌មាន ចិនស៊ិនហួ ចេញផ្សាយ បន្តទៀតថា រថយន្តក្រុងខាងលើនេះ បានដឹកកុមារ រៀនថ្នាក់ បឋមសិក្សាចំនួន ៣០នាក់ បន្ទាប់មកក៏ពើបប្រទះ នឹងរថភ្លើងធ្វើដំណើរ មកពីទីក្រុង វ៉ារ៉ាណាស៊ី បុកចំពាក់កណ្តាលឡានក្រុងតែម្តង បណ្តាលឲ្យតួរថយន្តខ្ទេចទាំងស្រុង ស្ថិតនៅ តាមផ្លូវនៃស្រុក ម៉ូ របស់ រដ្ឋខាងលើ កាលពីវេលាព្រឹកថ្ងៃព្រហស្បតិ៍ ពេលវេលា នៅឥណ្ឌា ។

ចំពោះកុមាររងគ្រោះ ត្រូវបានមន្ត្រី សន្តិសុខអះអាងថា បានបញ្ជូនទៅ កាន់មន្ទីរពេទ្យក្បែរ នោះហើយ ដោយកុមារខ្លះស្ថិត នៅក្នុងស្ថានភាព របួសធ្ងន់ធ្ងរបំផុត ។ ឪពុកម្តាយកុមាររងគ្រោះ បានមកមន្ទីរពេទ្យ ដើម្បីទទួលយក សាកសពកូនៗទាំង ៥នាក់ និង រកមើល កូនៗពួកគេដែលបាន ទទួលរងរបួស ដោយក្តីខ្លោចផ្សារបំផុត ។

មូលហេតុនៃគ្រោះថ្នាក់ ចរាចរណ៍នូវត្រូវបាន មន្ត្រីសន្តិសុខអះអាងថា បណ្តាលមកពីតៃកុង រថយន្ត រវល់ស្តាប់តន្ត្រី ដោយញ៉ុកកាស់ ជាប់នឹងត្រចៀក ជាហេតុបណ្តាល ឲ្យលោកមិនអាច ស្តាប់ឮសារ៉ែន ដែលស្រែកប្រាប់ ពីការមកដល់របស់រថភ្លើង ។ ចំពោះព័ត៌មានខាងលើនេះ មិនបាន បញ្ជាក់ពី ស្ថានភាពរបស់ តៃកុងឡាន ថាស្លាប់ឬរស់ នោះឡើយ ៕

ដកស្រង់ពី ៖ដើមអម្ពិល