បណ្តាញសង្គម

ទីបំផុតករណីឆ្លងវីរុសកូវីដ-១៩ទម្រង់ថ្មី ត្រូវបានរកឃើញ នៅក្នុងតំបន់អាមេរិកឡាទីន

 (ម៉ិចស៊ីកូស៊ីធី)៖ ករណីឆ្លងវីរុសកូរ៉ូណា COVID-19 ទម្រង់ថ្មី ដែលត្រូវបានគេរកឃើញដំបូងគេ នៅក្នុងចក្រភពអង់គ្លេសនោះ នៅពេលនេះត្រូវបានរកឃើញ នៅក្នុងតំបន់អាមេរិកឡាទីនហើយ។

នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួ នៅរសៀលថ្ងៃអង្គារ ទី០៥ ខែមករា ឆ្នាំ២០២១។ ប្រទេសប្រេស៊ីល និងឈីលី (ស៊ីលី) នៅថ្ងៃចន្ទសប្ដាហ៍នេះ បានរាយការណ៍ពីករណីឆ្លងដំបូងៗនៃវីរុសកូរ៉ូណា (COVID-19) ទម្រង់ថ្មី នៅក្នុងប្រទេសរៀងៗខ្លួន។

បើតាមអាជ្ញាធរសុខាភិបាលប្រេស៊ីល រដ្ឋសៅប៉ូឡូ (Sao Paulo) បានប្រកាសពីការរកឃើញ អ្នកឆ្លងវីរុសទម្រង់ថ្មីនេះលើមនុស្សពីរនាក់ ដោយម្នាក់មានអាយុ ២៥ឆ្នាំ និងម្នាក់ទៀត ៣៤ឆ្នាំ ដែលសុទ្ធសឹងជាអ្នកធ្លាប់បានប៉ះពាល់ផ្ទាល់ ជាមួយមនុស្សដែលធ្លាប់ធ្វើដំណើរ ទៅកាន់ចក្រភពអង់គ្លេស។

ចំណែកឯប្រទេសឈីលីវិញ ក្នុងថ្ងៃតែមួយនោះដែរ ក៏បានរកឃើញករណីឆ្លងទីពីរនៃវីរុស COVID-19 ទម្រង់ថ្មីនេះដែរលើមនុស្សម្នាក់ ដែលបានត្រលប់មកពីទីក្រុងម៉ាឌ្រីត ប្រទេសអេស្ប៉ាញ មកដល់ទីក្រុងសាន់ត្យាហ្គោ (Santiago) កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០កន្លងទៅនេះ។

គួរបញ្ជាក់ថា ចាប់តាំងពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ រាល់ពលរដ្ឋឈីលី និងអ្នកដំណើរបរទេសទាំងអស់ ដែលត្រលប់មកដល់ប្រទេសកំណើតវិញ នឹងត្រូវកំណត់ឱ្យធ្វើចត្តាឡីស័ករយៈពេល ១០ថ្ងៃ មិនថាពួកគេមកពីប្រទេស ឬតំបន់ណាមួយនោះទេ៕

ដកស្រង់ពី៖ Fresh News